នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឲ្យបើកការហោះហើរត្រង់ទៅមក ភ្នំពេញ-វៀងច័ន្ទន៍ ឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកឲ្យបើកនូវការហោះហើរត្រង់ទៅមកពីភ្នំពេញ-វៀងច័ន្ទន៍ ឡើងវិញ ខណៈដែលប្រទេសកម្ពុជានិងប្រទេសឡាវបានបើកប្រទេសទាំងស្រុងឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បាន ជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បីបន្ត ពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើ វិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។
នាយករដ្ឋមន្រ្តីទាំង២ប្រទេស ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើសពីនោះ ក៏បានស្វាគមន៍នៃការបើកឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងប្រាប្រាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសទេសចរណ៍ឡាវផងដែរ។
ក្នុងការពិភាក្សានោះ ភាគីទាំងពីរបានធ្វើការកត់សម្គាល់ដោយពេញនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ទៅ២១០លានដុល្លារ នៅឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យមានការពន្លឿនកិច្ចចរចារលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹតិ្តការណ៍ផ្គូរផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគ និងដើម្បីជំរុញនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនានារវាងប្រទេសទាំងពីរផងដែរ៕