លោក ហ៊ុន ម៉ានី៖ ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ

សង្គម​និង​សេដ្ឋកិច្ច

ឆ្លើយតបសំនួរសមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានវ៉ាន់ដា ដែលបានលើកឡើងជាសំណួរថា តើបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្តល់ជាគុណវុឌ្ឍអ្វីខ្លះ? លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៥ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ ”ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)” នៅថ្ងៃអាទិត្យ ទី១០ កក្កដានេះ បានបង្ហាញថា ទៅថ្ងៃអនាគត ទោះបីយើងមិនដឹងឲ្យប្រាកដនៅឡើយថាតើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈានចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ពិតមែន តែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើចាប់ពីពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកគូសបញ្ជាក់ថា ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ។ បច្ចេកវិទ្យានេះមានការវិវត្តជារៀងរាល់ថ្ងៃ រាល់វិនាទី ដូច្នេះ ចង់ឬមិនចង់ យើងត្រូវតែរៀនសូត្រឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា និងត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចក្នុងនាមជាពលរដ្ឋឌីជីថល។

លោកថា បរិបទបដិវត្តន៍ឧស្សាហកម្ម៤.០នេះ យើងគប្បីក្តាប់យកឱកាសផង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានហានិភ័យផង។

សិក្ខាសាលានេះរៀបចំឡើងដើម្បីឱ្យយុវជន ក៏ដូចជាសាធារណជនទូទៅស្វែងយល់កាន់តែច្បាស់អំពីការធ្វើអាជីវកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ក៏ដូចជាការចាប់យកឱកាសក្នុងការចាប់ផ្តើមអាជីវកម្មតាមបែបផែនថ្មី។

សិក្ខាសាលាជាស៊េរីវគ្គទី៥ នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនយល់ដឹងពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, នីតិវិធីនៃការចុះបញ្ជីអាជីវកម្មក្នុងប្រព័ន្ធអេឡិចត្រូនិក, ការចាប់ផ្តើមធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងយុគសម័យឌីជីថល និងយល់ដឹងអំពីបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ និងភាពជោគជ័យពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕