ទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ ក្នុងចំណោមប្រទេសទាំង២៨ នៅសហភាពអឺរ៉ុប

សង្គម​និង​សេដ្ឋកិច្ច

លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានា​​ធិប​​តីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយា លោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) បានមកដល់ទឹកដីកម្ពុជាហើយក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​លើក​ដំបូង​ជា​ផ្លូវការ​ចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ​ដើម្បី​រឹត​ចំណង​ទាក់​ទង​នៃ​ប្រទេស​ទាំងពីរ។ ​នេះបើតាមទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈដំណើរទស្សនកិច្ចនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដែថារ នឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាង​​ប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់​ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

អាល្លឺម៉ង់​ ត្រូវបានគេដឹងថា គឺជា​ប្រទេស​ដែល​កំពុង​តែ​លេច​ធ្លោ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និងយោធា ហេតុ​នេះការ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​តូចៗ​ ដូច​ជា​កម្ពុជា​ ជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​រីក​ចម្រើនផងដែរ។​

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់ ដែលជាប្រទេសមួយរបស់សហភាពអ៉ឺរ៉ុប​ បានឱ្យដឹងដែរថា នៅ​ក្នុង​ឆ្នាំ​២០២២ ​កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ ចំនួន​ប្រមាណ​១០៨៣​លាន​ដុល្លារ​អាមេរិក។ ​តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​២៣% ​ បើ​ធៀប​នឹង​ឆ្នាំ​២០២១។​ នេះតាម​សារ​ព័ត៌មាន​រដ្ឋ​ AKP ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣។​

បើ​តាម​សារ​ព័ត៌មាន​ដដែល​បានបន្តថា ការ​នាំ​ចូល​របស់​អាល្លឺម៉ង់​មក​កម្ពុជា​មាន​ការ​កើន​ឡើង​៣% ​ដែល​មាន​ចំនួន​ប្រមាណ​១៦៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២។ ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ភាគ​ច្រើន​រួម​មាន​សម្លៀកបំពាក់ ​ស្បែក​ជើង ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម គ្រឿង​បន្លាស់​អគ្គិសនី ​និង​កង់ ខណៈការ​នាំ​ចូល​សំខាន់​មាន​ដូច​ជា​យាន​យន្ត ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហា​រឹម​ជាដើម។

សូមរម្លឹងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប (EU) មានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ (៤,៩៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ កើនឡើង ៤,៦ ភាគរយធៀបនឹងឆ្នាំមុន។ តាមរយៈសេចក្តីប្រកាសនេះ ក៏បានបង្ហាញដែរថា ក្នុងចំណោមប្រទេសទាំង ២៨ នៅក្នុង សហភាពអឺរ៉ុបគឺទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ បន្ទាប់មកចក្រភព អង់គ្លេស និងបារាំងផងដែរ៕ អត្ថបទ៖ ពិសី