សម្តេច ហ៊ុន សែន៖ កម្ពុជាចូលរួម​ដោយ​ស្មើភាព ​និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារលិខិតអបអររំឮកខួបទី ៤៣ឆ្នាំ នៃទិវាជ័យជម្នះ៧មករា នៅថ្ងៃនេះចំនួនពីរទំព័រ សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជា​បាន​ក្រោក​ឈរ​ស្មើរមុខ​ស្មើមាត់​ជាមួយបណ្តាប្រទេស បានចូលរួម​ដោយ​ស្មើភាព ​និងស្មើរសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិជាដើម។ សម្តេចបន្តថា ទាំងអស់នេះ គឺជាសមិទ្ធផល​ជា​ប្រវត្តិសាស្រ្ត​ដ៏ធំធេងថ្លៃថ្លាបំផុត​របស់ប្រជាជនកម្ពុជាគ្រប់រូបនៃ ​គ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយទាំងអស់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Hun Sen Is Rewriting Cambodian History Under Xi Jinping's Tutelage

ស្របពេលជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានលើកទី ៣ នៅព្រឹកថ្ងៃទី០៧ ខែមករានេះ បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ានផងដែរនោះ ខណៈសមាជិកមួយនេះកំពុងរងវិបត្តិនយោបាយជិតមួយឆ្នាំ ក្រោយព្រឹត្តិការ​ណ៍រដ្ឋប្រហារយោធា នៅថ្ងៃទី​១កុ​ម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុង​ស្ថានភាព​ចលាចល ព្រមទាំងអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរថែមទៀតផង។

ក្នុងដំណើរទស្សនកិច្ចនៅពេលនេះ សម្តេច នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ម៉ីង អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។

បើតាមសម្តេច ហ៊ុន សែន ប្រទេសកម្ពុជាដែលពីមុនជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ជាប្រទេសក្រីក្រ និងជាប្រទេសអន់ថយបំផុតផ្នែកសេដ្ឋកិច្ច តែនាពេលនេះ បានក្លាយទៅជាប្រទេសប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ឯករាជ្យ បូរណភាពទឹកដី មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់​ប្រជាជនកម្ពុជា ​លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមាន​ជីវិត​ឡើងវិញ​ទាន់ពេលវេលា ​បញ្ចប់​សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញ​នូវ​សករាជ​ថ្មី​របស់កម្ពុជា​ គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ ​និងវឌ្ឍនភាពសង្គមជាដើម។ ក្នុងសារលិខិតនេះសម្តេចបានគូសបញ្ជាក់ថា លើមូលដ្ឋាននេះ ​បាន​ធ្វើ​ឲ្យ​មាតុភូមិ​យើង​អាច​ងើប​ឈរឡើងវិញ ​និងឈានទៅមុខជាជំហានៗ ឆ្លងផុត​ដំណាក់​កាលដែលលំបាកបំផុត ​មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេច​បាន​ការ​ផ្លាស់ប្តូរ​ដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ។

យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្ត​រូបរួម​សាមគ្គីគ្នាជាធ្លុងមួយក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់​នៃ​អង្គព្រះមហាក្សត្រ​ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និង​ការពារមាតុភូមិ​ជាទីសេ្នហានៃយើង ​ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើត​ឡើង​ជាថ្មីទៀត ​នូវអំពើប្រល័យពូជសាសន៍ ​សង្រ្គាម​ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនៗនោះ៕