សម្តេចធិបតី បញ្ជាក់ប្រាប់ប្រធានរដ្ឋវៀតណាមថា ដំណើរទស្សនកិច្ចលើកទី១នេះដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នៅថ្ងៃទី១១ខែធ្នូនេះ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃនៅវៀតណាម ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ វ៉ាន់ធឿង បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយនេះពិតបានបង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សមកលើសមត្ថភាពនៃការដឹកនាំរបស់សម្តេចធិបតី ។

ដោយឡែក ប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង ក៏បានសម្តែងនូវការពេញចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។ លើសពីនេះលោកក៏បានបង្ហាញនូវការជឿជាក់ផងដែរថា «ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត» ។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ក្នុងជំនួបនេះ សម្តេចធិបតី បានជម្រាបជូនប្រធានរដ្ឋវៀតណាមអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” ជាដើម ។

បន្ថែមទៀតនោះ ប្រធានរដ្ឋវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះអង្គព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រមទាំងសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា ព្រមជាមួយនឹងការបញ្ជាក់ផងដែរថា លោកនឹងរង់ចាំស្វាគមន៍ជានិច្ចនូវព្រះរាជដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រនៃកម្ពុជានៅវៀតណាម ក្នុងពេលខាងមុខ៕