លោក ស៊ុយ សែម៖ ក្រុមហ៊ុនអូស្រ្ដាលី ចម្រាញ់​រ៉ែមាសបាន​ជិត​ ១៥០០គីឡូក្រាមរយៈពេល ៧ខែដំបូង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអូស្រ្ដាលី Renaissance Mineral Limited (Cambodia) ​ចម្រាញ់​រ៉ែមាសបាន​ជិត​ ១៥០០គីឡូក្រាម ក្នុង​រយៈពេល ៧ខែដំបូង ខណៈក្រសួងរ៉ែនិងថាមពល បន្ត​ដាក់ក្តីរំពឹងខ្ពស់ថា ដំណើរផលិតកម្មចម្រាញ់រ៉ែមាសនឹងនៅតែអាចសម្រេចបានទៅតាមផែនការដែលគ្រោងទុក គឺ​៣តោននៅក្នុង​១ឆ្នាំ។ នេះបើតាមលោក​ ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែ និងថាមពល ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រ ទី១៤ មករាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 5 people and people standing

លោក ស៊ុយ សែម ថ្លែងថា ការចម្រាញ់រ៉ែមាសនៅកម្ពុជានៅខេត្ត​មណ្ឌលគីរី​ ដោយក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral គឺមាន​ប្រមាណជិត​ ១៥០០គីឡូ ឬស្មើនឹង ​១១០ដុំមាស ​​ក្នុងរយៈពេលជាង ៧ខែ កន្លងមកនេះ។ ខណៈដែលក្រុមហ៊ុនអូស្រ្តាលីមួយនេះបានអះអាងថា ​អាច​ផលិត​មាស​សុទ្ធបាន​ ៣តោន​ ក្នុង​មួយឆ្នាំ ​សម្រាប់​រយៈ​​ពេល​៨​ឆ្នាំ​ដំបូង។ ក្រុមហ៊ុន​នេះ​អះអាងទៀតថា ​នឹង​ពង្រីក​អាជីវកម្មរបស់​ខ្លួន​ឲ្យ​កាន់​ធំថែមទៀត​ក្រោយ​រយៈពេល​​៨ឆ្នាំ​ដំបូងនេះដោយមាស​នឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលីជាដើម។  

អាជីវកម្មរ៉ែមាស​ដ៏ធំ និងជាលើកដំបូង​នេះ ​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​ន​អូស្ត្រាលី​ឈ្មោះ Renaissance Minerals Limited (Cambodia) ស្ថិត​នៅតំបន់ ​អូខ្វាវ​ ស្រុកកែវសីមា ខេត្ត​មណ្ឌល​គិរី ត្រូវ​ដាក់​ឲ្យ​ដំណើរការ​​ចម្រាញ់​រ៉ែ​មាស​ចាប់ពីថ្ងៃទី២១​ ខែមិថុនា ២០២១កន្លងទៅ។ ក្រុមហ៊ុន Renaissance Minerals ជាក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​អន្តរជាតិ ដោយ​ផលិត​ចេញ​ជាមាស​ដុំ​ពាក់​កណ្តាល​សម្រេច​​៩០% ។

News

នៅក្នុង​សារខិលិត​៣ទំព័រ ​ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ​នាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេច​ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជា​មោទនភាព​សម្រាប់​កម្ពុជា​ក្នុង​ការដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចម្រាញ់​រ៉ែមាស​ជាលើក​ដំបូង​របស់​ខ្លួន។​ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា​រំពឹងថា ​នឹង​ទទួល​បានផល​ប្រយោជន៍​ជាចំណូល​ដុល​ជាមធ្យម ១៨៥​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ ដែល​​ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេង​ៗ​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

បើតាមសម្តេច ហ៊ុន សែន ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​គឺ​ត្រូវ​ការ​ការ​វិនិយោគ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​បច្ចេកទេស​ខ្ពស់។ សម្តេចបន្តថា ការ​ធ្វើ​អាជីវកម្មរ៉ែមាស ជាលក្ខណៈប្រពៃណីយ ​គឺមានហានិភ័យ​ខ្ពស់ និង​បង្កផល​ប៉ះពាល់​ដល់​បរិស្ថាន​ថែមទៀតផង។ ទន្ទឹមនឹងនោះ សម្តេចក៏បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​បោះ​បង់ចោល​នូវបំណងធ្វើ​អាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែមាសខ្នាតអន្តរជាតិ ​នៅតំបន់​អូខ្វាវ​ត្រូ​វបាន​ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់ថា ​ជាគំរូ​មួយ​សម្រាប់​នាំមុខ​ដល់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដទៃទៀត តាម​គោល​​​​​ការណ៍​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព។

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា ថ្លែងបញ្ចាក់សារព័ត៌មានក្នុងស្រុកថា មានក្រុមហ៊ុន រុករករ៉ែមាស​ចំនួន​ ៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម​ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ​២០២២នេះ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំង នៅខេត្តរតនគិរី៕