រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើឲ្យមានតម្លាភាពក្នុងការនាំចូលជ្រូក

សង្គម​និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានច្រានចោលសំណើសុំផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃ សម្រាប់ការនាំចូលជ្រូករស់មកកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិតចំនួន ៤ទំព័ររបស់លោក អូន ព័ន្ធមុនីរ័ត្ន ផ្ញើទៅកាន់លោក វេង សាខុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានបញ្ជាក់ថា ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺជាឧបករណ៍មួយចាំបាច់សម្រាប់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាក្នុងវិស័យជ្រូកជារួម និងមួយផ្នែកទៀត ធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីធានាស្ថិរភាពថ្លៃសាច់ជ្រូកក្នុងទីផ្សារ ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ១៩។

លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា ការផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់នេះ មិនមែនផ្អែកលើសំណើរបស់ក្រុមហ៊ុននាំចូលជ្រូកចំនួន០៤ ដូចដែលបានលើកឡើងក្នុងលិខិតរបស់ក្រសួងកសិកម្មនោះទេ។ ផ្ទុយទៅវិញ ការគិតគូររៀបចំយន្តការដេញថ្លៃនេះ គឺផ្អែកលើការសិក្សាស៊ីជម្រៅរបស់ក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនឯកជនដែលប្រកបរបរនាំចូលជ្រូករស់។

លោកពន្យល់យ៉ាងដូច្នេះថា សន្តិទានកម្មដែលតម្រូវ ឱ្យមានការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ថ្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ១៦,៥០០ រៀលមួយគីឡូ ទៅ ១៧,០០០ រៀលក្នុងមួយគីឡូជាមធ្យម ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ២៥,០០០រៀលក្នុងមួយគីឡូ ទៅ ២៦,០០០រៀលក្នុងមួយគីឡូជាមធ្យម ក្នុងអំឡុងឆ្នាំ២០២១។ លោកថា នេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩។

លោកសង្កត់ធ្ងន់ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែក បង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ បានលក់ជ្រូករស់ក្នុងថ្លៃមួយខ្ពស់ ពោលគឺពី ១១,០០០ រៀលក្នុងមួយគីឡូជាមធ្យមក្នុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ១៤,០០០រៀលក្នុងមួយគីឡូ ជាមធ្យមក្នុងអំឡុងឆ្នាំ២០២១។ ខណៈកន្លងមកក្រុមហ៊ុនបានបញ្ជាទិញពីកសិដ្ឋាននៅប្រទេសថៃ ស្ថិតនៅក្នុងចន្លោះ ៦,៥០០ រៀលក្នុងមួយគីឡូ ទៅ ៧,០០០ រៀលក្នុងមួយគីឡូជាមធ្យម។

លោកបញ្ជាក់បន្ថែមថា ជារួមការរៀបចំយន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ជ្រូករស់ពីការនាំចូល ក្នុងថ្លៃមួយប្រកបដោយ ភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។

យ៉ាងណា បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ច បានបញ្ចប់សេចក្តីព្រាងបឋមនៃយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា កម្រិតបច្ចេកទេសរួចហើយ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងសេដ្ឋកិច្ច និងការផ្តល់ធាតុចូលពីក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួង។ ប៉ុន្តែក្រសួងកសិកម្ម មិនបានចាត់តំណាងចូលរួមតាមការអហៅរបស់លោកអូនព័ន្ធមុនីរ័ត្ន នាពេលកន្លងមកឡើយ។

ទោះជាបែបនេះក្តី លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យលទ្ធភាពឯកភាពលើពីរចំណុចសំខាន់ៗ ទីមួយ ឯកភាពលើការផ្តួចផ្តើម ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់ មកប្រទេសកម្ពុជា ដោយយន្តការនេះនឹងជួយលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាពក្នុងអាជីវកម្មនាំចូលជ្រូករស់ និងទីពីរ ចាត់តំណាងក្រសួងកសិកម្ម ចូលរួមផ្តល់យោបល់ និងធាតុចូលបន្ថែម ដើម្បីកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងបឋម នៃយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា៕