ក្រុមវិស្វករ និងកម្មករប្រមាណ៣០០នាក់ លើកគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុន Booyoung បើកប្រាក់ខែ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមវិស្វករ និងកម្មករចំនួន ៣០០នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់គំរោង Booyoung Town បានលើកគ្នាតវ៉ា ដោយសារតែម្ចាស់ក្រុមហ៊ុន មិនបើកប្រាក់ខែដល់ពួកគាត់ នៅ​ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមតំណាងកម្មករ ជនជាតិកូរ៉េ ដែលបានចូលរួមក្នុងការតវ៉ានេះ បានឱ្យដឹងថា កម្មករទាំងនេះ កំពុងធ្វើការសាងសង់សាលារៀនរបស់ក្រុមហ៊ុន Booyoung Town ដែលមានទីតាំងនៅខាងក្រោយគំរោងខុនដូ Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៉ី។ តំណាងកម្មករបន្តថា អ្វីដែលពួកគេទាមទារគឺប្រាក់ខែ ដើម្បីសម្រួលដល់ជីវភាពរស់នៅ។

គួរបញ្ជាក់ដែរថា បើតាមការឲ្យដឹងពីតំណាងកម្មករដដែលបានឲ្យដឹងថា ការតវ៉ាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ គឺដោយសារក្រុមហ៊ុន Booyoung មិនបានបើកប្រាក់ខែ ឱ្យពួកគេរយៈពេលពីរខែមកហើយ ទើបការតវ៉ានេះបានកើតឡើង។ ពោល គឺប្រាក់ខែដែលក្រុមហ៊ុននេះមិនទាន់បើកឱ្យពួកគេ គឺចាប់ពីខែមិថុនា ខែកក្កដា និងខែសីហានេះ ក៏ពួកគេមិនដឹងទទួលបានឬយ៉ាងណានៅឡើយ។

យ៉ាងណា បើតាមតំណាងកម្មករខាងលើ បានឲ្យដឹងថា បន្ទាប់ពីលើកគ្នាតវ៉ា គិតមកត្រឹម១០៖៥៤នាទី ថ្ងៃទី២២ ខែសីហានេះ គឺកម្មករទាំងអស់បានបំបែកជួរគ្នាហើយ ខណៈតំណាងកម្មករ និងក្រុមហ៊ុនបានចូលរួមជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយលើការទាមទារខាងលើនេះ៕ អត្ថបទ៖ រង្សី