កសិដ្ឋានចិញ្ចឹមគោ-ក្របី នៅខេត្តព្រះវិហារ១កន្លែង កំពុងរៀបចំខ្លួនផ្គត់ផ្គង់សត្វទៅទីផ្សារម៉ាឡេស៊ីនិងចិន

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីចំណាយពេល ៦ឆ្នំាលើមុខរបរចិញ្ចឹមគោ និងក្របី ម្ចាស់កសិដ្ឋានមួយកន្លែងមានទីតំាងនៅ ភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កំពុងជំរុញការមើលថែទំាសត្វពាហនៈរបស់ខ្លួន ដើម្បីត្រៀមផ្គត់ផ្គង់គោរស់ទៅទីផ្សារម៉ាឡេស៊ី និងសត្វក្របីទៅទីផ្សារចិននៅពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ថ្មីៗនេះបានចុះពិនិត្យនិងស្វែងយល់អំពីការចិញ្ចឹមគោ និងក្របីនេះ។ បើយោងតាម ម្ចាស់កសិដ្ឋានបានឱ្យដឹងថា មុខរបរចិញ្ចឹមគោ និងក្របីដែលបានចំណាយពេល៦ឆ្នំា រហូតមកដល់បច្ចុប្បន្នអ្នកស្រីមានគោជាង៥០០ក្បាលនិង ក្របីជាង៣០០ក្បាល។

អ្នកស្រី នូ ស៊ីណា បានឱ្យដឹងថា ការចិញ្ចឹមគោ និងក្របីមកដល់សព្វថ្ងៃនេះមានគោលបំណងចង់ចិញ្ចឹមឱ្យបានរាប់ពាន់ក្បាលសម្រាប់ផ្គត់ផ្គង់ពូជគោនៅក្នុងស្រុក និងនាំចេញទៅលក់ទីផ្សារប្រទេសម៉ាឡេស៊ីនិងប្រទេសចិន ហើយនៅពេលខាងមុខនេះដៃគូសហការនៅខាងប្រទេសម៉ាឡេស៊ីគេនឹងមកជួបពិភាក្សាគ្នាបន្តដើម្បីត្រៀមធ្វើការនាំចេញ ស្របពេលកសិដ្ឋានទើបមានគោឈ្មួលប្រហែល៣០% នៃចំនួនគោសរុបជាង៥០០ក្បាល និងកំពុងរៀបចំការដំាដុះស្មៅដើម្បីពង្រីកការចិញ្ចឹមគោឱ្យបានច្រើនទៅតាមផែនការ។

សម្រាប់ទីផ្សារក្របី, អ្នកស្រី លើកឡើងថា កន្លងមកខាងឈ្មួញចិនបានធ្វើការទំនាក់ទំនង ចង់នាំចេញទៅតាមប្រទេសឡាវ ប៉ុន្តែយើងអត់មានលទ្ធភាពផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់គេនាំចេញម្តង ចាប់ពី៥០០ ទៅ១០០០ក្បាល។

ទន្ទឹងនិងផែនការនាំចេញ គោ ក្របី ស្ថិតក្នុងដំណាក់កាលត្រៀមខ្លួន ហើយរំពឹងថាអាចនាំចេញបានក្នុងពេលខាងមុខ ។សម្រាប់ទីផ្សារក្នុងស្រុក នៅក្នុង១ឆ្នំាកន្លងមកនេះអ្នកស្រី បានផ្គត់ផ្គង់គោបានជាង២០០ក្បាល ក្នុង១ក្បាលអាចលក់បានថ្លៃចន្លោះពី២លានទៅ៣លានរៀល។ ចំណែកក្របីបានលក់ចេញទៅប្រទេសវៀតណាមបានជាង១០០ក្បាល ក្នុង១ក្បាលលក់បានថ្លៃពីជាង៣លានទៅជិត៥លានរៀល៕ អត្ថបទ៖ SARETH