គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ បានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥។

នេះបើយោងតាមការបញ្ជាក់របស់ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) ក្នុងជំនួបពិភាក្សាស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨ ដែលមានវត្តមាននៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

លោក ជា វុទ្ធី បានឱ្យដឹងថា ជំនួបពិភាក្សា ធ្វើឡើងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ព្រមទាំងផ្តោតកិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្តដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។
បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់នៅក្នុងកិច្ចប្រជុំខាងលើ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ៕ អត្ថបទ៖ ហ្សាលីន




