នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃ «គម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ» នៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងអន្តរក្រសួង អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក សហជីព និងដៃគូអភិវឌ្ឍន៍។

ក្នុងឱកាសនោះ លោកស្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះជាវេទិកាដ៏សំខាន់ក្នុងការពិនិត្យ ពិភាក្សាលើវឌ្ឍនភាព ផែនការការងារ បញ្ហាប្រឈម និងទិសដៅបន្ត ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ធានាថាការអនុវត្តគម្រោងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ទៅនឹងតម្រូវការជាក់ស្តែង និងអាទិភាពជាតិផ្នែកសុវត្ថិភាពនិងសុខភាពការងារ។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត Yuka Ujita អ្នកជំនាញការជាន់ខ្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងាររបស់ ILO បានលើកឡើងអំពីវិសាលភាពនៃការអនុវត្តគម្រោងនេះ ដោយផ្ដោតលើក្របខ័ណ្ឌចំនួន៣កម្រិត។ នៅក្នុងនោះ ថ្នាក់តំបន់ផ្តោតលើការអភិវឌ្ឍ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ ឯថ្នាក់ជាតិផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ យន្តការសម្របសម្រួល និងប្រព័ន្ធទិន្នន័យ ហើយនៅកម្រិតកន្លែងធ្វើការ គឺផ្តោតលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់និយោជក និងកម្មករនិយោជិត ដើម្បីកំណត់ គ្រប់គ្រង និងបង្ការហានិភ័យឱ្យមានប្រសិទ្ធភាព។
ជាលទ្ធផល អង្គប្រជុំបានសម្តែងការកោតសរសើរ និងឯកភាពលើវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រ និងធានានិរន្តរភាពគម្រោង តាមរយៈការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕




