ក្រសួងការងារជំរុញឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាក់ស្រុកនៅបរទេស ក្រោមហេតុពួកគេផ្ញើប្រាក់ច្រើនមកកាន់គ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ជំរុញ​ការ​អនុវត្តគោលនយោបាយស្តីពីការធ្វើចំណាកស្រុកការងារសម្រាប់កម្ពុជា ឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ រួមទាំងការការពារសង្គមក្នុងពេលកំពុងធ្វើការ និងត្រឡប់មកផ្ទះវិញ។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់​ក្រសួង​ការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ដែលចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ចេញនូវការបន្តជំរុញអនុវត្តគោលនយោបាយនេះ បន្ទាប់ពីក្រសួងការងាររកឃើញពលករ​ចំណាក​ស្រុក​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស បាន​ផ្ញើ​ប្រាក់​ត្រឡប់​មកក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​​ស្រុក​កំណើត​យ៉ាង​ហោច​ណាស់​១លាន​៣​សែន​នាក់ បាន​ចាក់​បញ្ចូល​ទឹក​ប្រាក់​ត្រឡប់​មក​កម្ពុជា​វិញ ប្រមាណ​៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​។

គួររម្លឹកថា គិតមកដល់ពេល​បច្ចុប្បន្ននេះ ពលករ​កម្ពុជា​ដែល​កំពុ​ង​ធ្វើ​ការ​នៅ​បរទេស មាន​ចំនួន​សរុប​ជាង ​១​លាន​៣​សែន​នាក់។ បើតាមក្រសួង​ការងារ សម្រាប់ប្រាក់​ចំណូល​ពី​ក្រៅ​ប្រទេស​របស់​ក្រុម​ពលករ​ខ្មែរ​នេះ រួម​ចំណែកមួយ​ផ្នែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ដល់ការ​ទ្រទ្រង់​ជីវភាព​របស់​គ្រួសារ​ពួក​គេ​នៅ​កម្ពុជា​។

ទន្ទឹមនឹងនេះ ក្រសួងការងារក៏បានប្តេជ្ញាថានឹងពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្ដល់ប្រឹក្សាយោបល់ការងារ អាជីព ដើម្បីធ្វើការផ្គូផ្គង និងឆ្លើយតបបាននូវតម្រូវការកម្លាំងពលកម្មតាមទីផ្សារការងារ ដោយបង្កើនភាពជាដៃគូជាមួយវិស័យឯកជន៕