មេដាយ និងគ្រឿងឥស្សរិយយស ជាង២០០០គ្រឿង សម្ដេចធិបតី ហ៊ុន ម៉ាណែត បំពាក់ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ជាង២០០០គ្រឿង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា «ការពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិប្បករ សិល្បការិនី ទូទាំងប្រទេសនេះ គឺជាលើកទី១ ជាសក្ខីភាពបង្ហាញនូវការចិត្តទុកដាក់យ៉ាងខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារ លើកទឹកចិត្តចំពោះសេចក្តីស្រឡាញ់ និងលះបង់របស់សិល្បករ សិប្បករគ្រប់ៗរូបដែលបាន ខិតខំប្រឹងប្រែងនាពេលកន្លងៗមក»។

លោកជំទាវ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ ក៏បានថ្លែងអំណរគុណសម្ដេចធិបតី ដែលបានបង្ហាញនូវទិសដៅដ៏ត្រឹមត្រង់មួយ ជាថាមពល និងការលើកទឹកចិត្ត សម្រាប់អ្នកបម្រើ គ្រប់ៗរូបក្នុងវិស័យវប្បធម៌ឱ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាការពារវប្បធម៌ជាតិ ក្នុងបុព្វហេតុរួមជាមួយ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសដែលជាប្រយោជន៍ដល់សង្គមជាតិទាំងមូលផង។

សូមជម្រាបជូនថា ការបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សរុបចំនួន២,១៣៣គ្រឿង មានដូចជា ថ្នាក់ជាតូបការ ចំនួន១៥គ្រឿង, ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន៣៣គ្រឿង, ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន១២គ្រឿង, ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន១៨គ្រឿង, ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន២គ្រឿង, ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន៥គ្រឿង, មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន៣៧គ្រឿង, មុនីសារាភ័ណ្ឌថ្នាក់មហាសេនា ចំនួន៥៦គ្រឿង, មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន៤១១គ្រឿង, មុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន៨២គ្រឿង, មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន១,៤៦១គ្រឿង, សហមត្រី ថ្នាក់អស្សឫទ្ធិ ចំនួន១គ្រឿង៕