ពលរដ្ឋ៖«គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាចលករសំខាន់ជួយទ្រទ្រង់ និងពង្រីកអាជីវកម្មឲ្យរីកធំធាត់ឡើង»

អាជីវកម្ម

ប្រជាពលរដ្ឋ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រៀបបានទៅនឹងឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមគ្នានេះ ពលរដ្ឋទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានចាត់ទុកថា ទាំងស្ថាប័នស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺបានជួយដោះស្រាយបញ្ហារបស់ប្រជាជនកម្ពុជា​ ពិសេសជាចលករសំខាន់ជួយពង្រីកសង្វាក់ផលិតកម្ម អាជីវកម្ម និងមុខរបរផ្សេងៗឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងពីសំណាកប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងក្រោយពេលពួកគាត់ បានទទួលទុនប្រាក់កម្ចី និងប្រើប្រាស់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលបានជោគជ័យ ពិសេសការអនុគ្រោះពីស្ថាប័នទាំងនោះអំឡុងវិបត្តិកូវីដ-១៩ ផងដែរ។

ជាការពិតណាស់ សព្វថ្ងៃនេះចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការកើនឡើងពាស់ពេញប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការខ្ចីប្រាក់ ដាក់សន្សំប្រាក់ ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗ សម្រាប់ធ្វើការពង្រីកសង្វាក់ផលិតកម្ម អាជីវកម្ម និងមុខរបរជាច្រើនទៀត។

ពាក់ព័ន្ធនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះដែរ អ្នកស្រី វែន សូតា ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងស្ថិតក្នុងខេត្តកណ្តាល បាននិយាយទាំងទឹកមុខរំភើបថា ការរីកចម្រើនទៅលើអាជីវកម្មចិញ្ចឹមត្រីរបស់អ្នកស្រី គឺដោយសារទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើពុំដូច្នោះទេអ្នកស្រីនឹងមិនមានលទ្ធភាពពង្រីកកសិដ្ឋានបានទេ។

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីរូបនេះ បានរម្លឹកពីមូលហេតុនៃការខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុរបស់អ្នកស្រីដូច្នេះថា«ដើមឡើយខ្ញុំ ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសម្លឹងឃើញតម្រូវការត្រីនៅលើទីផ្សារកើនឡើង ស្របពេលដែលមានការនាំចូលច្រើនពីប្រទេសជិតខាង ខ្ញុំ និងគ្រួសារបានសម្រេចចិត្តខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីពង្រីកកសិដ្ឋានចិញ្ចឹមត្រីរបស់ខ្ញុំឱ្យបានដល់ទំហំដីជាង១ហិកតា។ ហើយការសម្រេចខ្ចីប្រាក់នេះ បូកផ្សំនឹងការសហការជាមួយអាជីវករផងនោះ បានធ្វើឲ្យការចិញ្ចឹមត្រីទទួលបានជោគជ័យ ដែលធ្វើឱ្យចំណូលគ្រួសារកាន់តែបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំរហូតមកដល់សព្វថ្ងៃនេះ»។

បុរសមាឌមាំ សម្បុរស្រអែម និងជាម្ចាស់អាហារដ្ឋានមួយកន្លែងនៅម្តុំទួលគោក លោក រតនៈ បុរី បានលើកឡើងថា ទាំងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានខិតខំចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

ជាក់ស្តែងលោកថា «ដោយសារសមាជិកគ្រួសារខ្ញុំបានឆ្លងកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលអាជីវកម្មខ្ញុំបានថយចុះ ហេតុនេះខ្ញុំបានស្នើសុំការយោគយល់ និងធ្វើការពន្យាពេលបង់ ឃើញថាគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្ញុំបានខ្ចី បានលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលពីរខែ រួមទាំងបានពន្យាការបង់ប្រាក់ដើមរយៈពេលបីខែទៀត។ចំណុចនេះខ្ញុំពិតជា ដឹងគុណដល់ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុនោះណាស់ ព្រោះបានធ្វើឲ្យខ្ញុំកក់ក្តៅក្នុងចិត្ត និងជួយរួមចំណែកដល់ការទ្រទ្រង់មុខរបររបស់ខ្ញុំកុំឲ្យដួលរលំផងដែរ»។

ចំណែកស្រ្តីវ័យ២៨ឆ្នាំម្នាក់ទៀត និងមានបុខរបរជា អ្នកលក់សំលៀកមួយរូបនៅខេត្តសៀមរាប កញ្ញា សុធា ដារីកា ក៏បានឲ្យដឹងថា អំឡុងពេលកូវីដ-១៩ កញ្ញាបានសម្រេចចិត្តបន្ថែមយុទ្ធសាស្រ្តថ្មី ពីការលក់សំលៀកបំពាក់នៅក្នុងផ្សារផ្ទាល់ មក live លក់សំលៀកបំពាក់តាមអនឡាញបន្ថែម ឃើញថា យុទ្ធសាស្រ្តនេះទទួលបានជោគជ័យ និងការគាំទ្រគួរសមពីអតិថិជនពីគ្រប់ទិសទី។

កត្តានេះ ទើបកញ្ញា បានសម្រេចប្រើសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់គ្រឹះសា្ថន​ធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់នានា ឃើញថា សេវានេះ ពិតជាបានបង្កភាពងាយស្រួលដល់អតិជន និងរូបកញ្ញាផ្ទាល់ ពិសេសបានជួយជំរុញមុខរបររបស់កញ្ញាកាន់តែកាក់កបពីមួយថ្ងៃទៅថ្ងៃថែមទៀត។

ជុំវិញការលើកឡើងខាងលើនេះដែរ លោក សុខ សកល ឣនុប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតប្រចាំសាខាទួលគោក ក៏បានចាត់ទុកថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កន្លងមក បានជួយដោះស្រាយបញ្ហារបស់ប្រជាជនកម្ពុជាក្នុងការខ្វះខាតដើមទុនរកស៊ី ពង្រីកផលិតម្ម អាជីវកម្ម កម្ចីទិញផ្ទះ ដី ឡាន ម៉ូតូ កម្ចីសិក្សា និងដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតតាមតម្រូវការរបស់ពួកគាត់។
ហេតុនេះ លោកបន្តថា កាលណាប្រជាជនរកស៊ីជួបកង្វះខាតផ្នែកហិរញ្ញវត្ថុ គឺគាត់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរង់ចាំជួយផ្តល់ប្រាក់កម្ចី ដែលអាចជួយឱ្យគាត់មានលទ្ធភាពពង្រីកសង្វាក់ផលិតកម្ម និងមុខរបរផ្សេងៗកាន់តែរីកធំធាត់ឡើងៗ និងមានចំណូលត្រឡប់មកវិញកាន់តែច្រើនឡើង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសាខាធនាគារវីង កាលពេលថ្មីៗនេះ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ បានលើកឡើងថា ការរីកចម្រើននៃវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺដោយសារកត្តា សន្តិភាព ស្ថេរភាពនយោបាយ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនក្នុង និងក្រៅប្រទេស។

លោកបន្តថា កន្លងមក កំណើនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីការជួយរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុថ្មីប្រកប​ដោយ​ការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយ ពេលវេលាសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ហេតុនេះ ដើម្បីជំរុញ និងធានានិរន្តរភាពវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅកម្ពុជា ធនាគារជាតិ បានកំពុងខិតខំរៀបចំយន្តការគាំទ្រនានាបន្ថែមទៀតដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីមាននិន្តរភាពក្នុងការផ្តល់ឥណទានដល់ពលរដ្ឋកម្ពុជា។ជាក់ស្តែង បច្ចុប្បន្ន ធនាគារជាតិ ក៏បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់សង់ប្រាក់បាគង្គ ដែលអន្តរជាតិទទួលស្គាល់ថាបច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក ដើម្បីធានាសម្រួលដល់ការសង់ប្រាក់ និងផ្ទេរប្រាក់អន្តរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិក សំដៅជួយកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពសាច់ប្រាក់របស់ប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមពីអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ។

ជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់មានប្រសាសន៍ថា ភាពរីកចំរើននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការ​រួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ ពិសេសការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជនកម្ពុជា។

សូមជម្រាប់ដែរថា បើតាមធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ស្ថានភាពនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅបន្តរក្សាបាននូវកំណើនខ្ពស់កាលពីឆ្នាំ២០២១ ដោយទាំងឥណទាន និងប្រាក់បញ្ញើបានកើនឡើងដូចគ្នា ទោះបីការរីករាលដាលនៃជំងឺកូវីដ ១៩ បានយាយីដល់សកម្មភាពសេដ្ឋកិច្ចក្តី។

ជាក់ស្តែង បើយោងតាមរបាយការណ៍របស់ NBC ចេញផ្សាយកាលពីចុងឆ្នាំ២០២១ កំណើនឥណទានបានបន្តកើនឡើង២១,២ ភាគរយ (១៨៦,៤ ពាន់ពាន់លានរៀល ស្មើនឹង ៤៥,៧ ពាន់លានដុល្លារ) ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។

ម្យ៉ាងវិញទៀត ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន/សហគ្រាសដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យបន្តរៀបចំឥណទានឡើងវិញលើគ្រប់វិស័យដែលមានចំនួនសរុប ៣៧០ ៧៨៥ គណនី ស្មើនឹង ២២,៤ ពាន់ពាន់លានរៀល (៥,៥ ពាន់លានដុល្លារ)។

ជាមួយគ្នានេះ NBC ក៏បានអះអាងថា ការ​ប្រឈម​នឹង​វិបត្តិកូវីដ-១៩ ​ដែល​អូសបន្លាយ​អស់​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ប្រព័ន្ធ​ធនាគារ​និងហរញ្ញវត្ថុកម្ពុជា ពិតជាបាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ នៅក្នុងការជួយ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស​វិស័យ​ដែល​រង​ផលប៉ះពាល់ថែមទៀតផង៕
អត្ថបទ៖ សែម ពិសី