បន្ទាប់ពីមានបទបញ្ជាបន្ទាន់ពីសម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំកំពូលៗ ប្រជុំចង្អៀតដាក់ចេញនូវវិធានការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត់ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បន្ទាប់ពីមានបញ្ជាធ្ងន់ៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំបន្ទាន់នេះដឹកនាំពិភាក្សាដោយលោករដ្ឋមន្រ្តី វេង សាខុន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្រ្តីទទួលបន្ទុកខេត្តគោលដៅទាំងប្រាំ រួមទាំងប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ម្សិលមិញ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ។

ប្រមុខរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទ និងបញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។

សម្តេចគូសបញ្ជាក់ថា សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំ បង្ក្រាបអត់បានទេ។ ម្យ៉ាង បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច អាធំបង្ក្រាបអត់បាន។ សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។

យ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត ធ្វើរដ្ឋមន្ត្រី និងធ្វើមេនគរបាល មេយោធានោះទេ។ សម្តេចបន្ថែមទៀតថា កិច្ចប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាល ត្រូវកប់បាត់ព្រោះតែមន្ត្រីខិលខូចឃុបឃិតជាមួយជនល្មើស។ ពេលនិយាយមន្ត្រីនាំគ្នាធ្វើ ពេលអត់និយាយអត់នាំគ្នាធ្វើ៕