ពេញមួយឆ្នាំ២០២១ កម្ពុជាបង្ក្រាបករណីជួញដូរមនុស្ស បានជាង២០០ករណី និងសង្គ្រោះជនរងគ្រោះបាន ជាង ១០០០នាក់

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបាន​បញ្ជូន​ជនសង្ស័យ​ទៅតុលាការ​ចំនួន៤០០នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន១,៣៩០នាក់ ។ នេះបើ​យោងតាម​របាយការណ៍របស់លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រ​ធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានបង្ហាញថា សម្រាប់ករណីអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងឆ្នាំ២០២១ បង្ក្រាប​​បានចំនួន១២៤ករណី បានបញ្ជូនទៅតុលាការចំនួន១៣៨នាក់ និងសង្គ្រោះបានជនរងគ្រោះ ចំនួន​១៨៧នាក់ ។

នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារ​បន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០​២២​​នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងជា​អនុប្រ​ធានអចិន្ដ្រៃយ៍គណៈកម្មាធិការ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​អំពើជួញដូរមនុស្ស បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមជនល្មើសដែលមានបណ្តាញនៅតាមបណ្តាប្រទេស បានប្តូរ​​ទិសដៅ​មកប្រើប្រាស់កម្ពុជា ជាគោលដៅក្នុងការបោកបញ្ឆោតទាក់ទាញប្រជាពលរដ្ឋតាមបណ្តាប្រទេស ដើម្បីនាំមកកេង​​ប្រវ័ញ្ច និងជួញដូរនៅកម្ពុជាទៅវិញ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា នេះជាសញ្ញានៃទម្រង់ថ្មីមួយ នៃអំពើជួញដូរមនុស្ស ដែលកម្ពុជាបាននិង​កំពុងសហការ​ជាមួយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការបង្ក្រាប សង្គ្រោះ និងផ្តន្ទាទោសជនល្មើស និងផ្តល់កិច្ច​ការពារ និងធ្វើសមាហរណកម្មជនរងគ្រោះជាបន្តបន្ទាប់។

ទោះបីជាយ៉ាង លោកស្រី ថាកម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់​​ទុកថាជាអាទិភាព​មួយ ដែលត្រូវយកចិត្តទុកដាក់ ទាំងការការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និង​ស្ថេរភាពសេដ្ឋកិច្ចជាតិ និងការប្រយុទ្ធប្រឆាំង បទល្មើស ជាពិសេស​ឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលរួមទាំងអំពើ​ជួញដូរមនុស្សផងដែរ ៕ អត្ថបទ៖ ពុធិកា