រដ្ឋាភិបាល​បង្កើតគណៈ​កម្មការ​អន្តរក្រសួង​ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសនេសាទ​​នៅ​បឹងទន្លេសាប

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសនេសាទ​នៅ​បឹង​​ទន្លេ​សាប ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុប១៣រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីសម្រេច​ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានកំណត់ភារកិច្ចគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅ​​បឹងទន្លេសាប ដូចជា៖

-រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាប​បទល្មើសនេសាទ

– អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ

-ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​តុលា​ការ​តាម​នីតិ​វិធី​​ច្បាប់ជាធរមាន

-រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់

-ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ហាការឯកភាពខេត្ត​ជុំវិញបឹងទន្លេសាប

-ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល

-ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។

សេចក្តីសម្រេច​ ក៏តម្រូវអោយអនុប្រធាន និងសមាជិកគណៈកម្មការត្រូវចូលរួមប្រជុំ​តាមការ​​អញ្ជើញ​របស់​ប្រធាន​​គណៈ​​កម្មការ។ ក្នុងករណី ប្រធានគណៈកម្មការអវត្តមាន ប្រធានអាចប្រគល់​សិទ្ធិ​ជូន​អនុប្រធាន​ដើម្បី​​ដឹកនាំកិច្ច​​ប្រជុំរបស់​គណៈ​​កម្មការបាន។​

គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយ សេចក្តី​​សម្រេច​​​របស់ប្រធានគណៈកម្មការអន្តរក្រសួងនេះ និងមានសិទ្ធិប្រើប្រាស់​ឧទ្ធម្ភាគ​ចក្រ​របស់​កងទ័ព​​អាកាសនៃ​កង​យោធពលខេមរភូមិន្ទ ដើម្បី បំពេញបេសកកម្មការងាររបស់ខ្លួនតាម​ការចាំបាច់ ៕