តម្លៃស្រូវនៅតែល្អប្រសើរ ទោះបីជាការប្រមូលផលជួបបញ្ហាទឹកភ្លៀងក៏ដោយ

សង្គម​និង​សេដ្ឋកិច្ច

តម្លៃស្រូវនៅកម្ពុជា នៅតែលើសពី១០០០រៀល នៅក្នុងមួយគីឡូក្រាម បើទោះបីជារដូវនេះជារដូវដែលប្រជាកសិករជួបនូវបញ្ហាទឹកភ្លៀង ឬបញ្ហាទឹកជំនន់បន្តិចបន្តួចតាមតំបន់ក៏ដោយ។ជាក់ស្តែង បច្ចុប្បន្នតម្លៃស្រូវជាមធ្យមអាចលក់បានក្នុងតម្លៃចន្លោះពី១២៥០រៀល ទៅ១៣០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន វណ្ណឬទ្ធី ប្រធានមន្ទីកសិកម្មខេត្តកំពង់ធំ បានឱ្យដឹងថា រហូតមកដល់ពេលនេះស្រូវផ្ការំដួលមិនទាន់ដល់ការប្រមូលផលនោះទេ មានតែប្រភេទពូជស្រូវមិនប្រកាន់រដូវ ដូចជាពូជ 5451ជាដើម ដែលសព្វថ្ងៃមានតម្លៃ ១០៦០រៀល ក្នុងមួយគីឡូក្រាម។

លោក បន្តថា ស្រូវឆ្នាំនេះមានតម្លៃល្អ គ្រប់ខេត្តទាំងអស់ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។

បើតាមលោក វី ឡៃ ជាឈ្មួញកណ្តាលទិញស្រូវពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានឱ្យដឹងថា ស្រូវឆ្នាំនេះពិតជាងាយស្រួលក្នុងការលក់ ធ្វើឱ្យកសិករសប្បាយចិត្តនឹងការប្រមូលផល។បច្ចុប្បន្នទោះបីជាមានភ្លៀងធ្លាក់ញឹកញាប់ ក៏មិនមែនជាបញ្ហានោះទេ ស្រូវនៅតែមានតម្លៃថ្លៃ ពោលចន្លោះពី១២៥០ រៀល ទៅ១៣០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវផ្កាម្លិះ ហើយប្រភេទស្រូវផ្សេងៗមានតម្លៃប្រហាក់ប្រហែលគ្នាឬលើសគ្នាតិចតួចចន្លោះពី៥ទៅ១០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

លោក បន្តថា ឥឡូវនេះ ស្រូវមានទីផ្សារទាំងរោងម៉ាស៊ីនក្នុងស្រុក ក៏ដូចជាប្រទេសវៀតណាមមានការស្រួលលក់ ដែលធ្វើឱ្យកសិករ ក៏ដូចជាឈ្មួញកណ្តាល មានការសប្បាយចិត្តដែរ នៅពេលមិនមានការបង្អាប់តម្លៃស្រូវ។

ចំណែកអ្នកស្រី លី ស៊ីណា កសិករម្នាក់នៅខេត្តពោធិ៍សាត់ បានលើកឡើងថា តម្លៃស្រូវចាប់ពីខែសីហា មក មានភាពល្អប្រសើរមែនទែន បើធៀបនឹងឆ្នាំមុន ដោយឆ្នាំនេះ ស្រូវសើមដែលលក់ទៅកាន់ឈ្មួញកណ្តាលតម្លៃមធ្យមក្នុងមួយគីឡូក្រាម មានតម្លៃ១២០០រៀល សម្រាប់ស្រូវសុមាលី, ស្រូវ អ៊ីអ៊ែ តម្លៃ១២៥០រៀល ស្រូវ OM ១២០០រៀល ចំណែកស្រូវស្រងែ មានតម្លៃ១១៤០រៀល ក្នុងមួយគីឡូក្រាម។

អ្នកស្រី បានបញ្ជាក់បន្ថែមថា «តម្លៃនេះមានការឡើងចុះតិចតួចប្រហែលជា៥ទៅ១០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករមានការសប្បាយចិត្តនឹងប្រមូលផល ទោះបីជាមានភ្លៀងធ្លាក់ជោគជាំ ប៉ុន្តែមិនមែនជារឿងចម្លែកទេ ព្រោះរដូវនេះជារដូវប្រមូលផលស្រូវខុសរដូវ អ្វីដែលជារឿងចម្លែកនោះគឺតម្លៃថ្លៃជាងឆ្នាំមុនៗ»៕