ខេត្តភាគឦសាន ទទួលបានគម្រោងចំនួន ៧២ ក្នុងតម្លៃទុនជិត៣ពាន់លានដុល្លារ ពីកម្មវិធីពិសេស

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈកម្មវិធីពិសេសសម្រាប់ការវិនិយោគ ខេត្តភាគឦសាន ទទួលបានគម្រោងវិនិយោគ ជិត៣ពាន់លានដុល្លារ ក្នុងនោះ ខេត្ដក្រចេះ មាន១៩គម្រោង។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «គឹតត្រឹមថ្ងៃទី០៧ ខែសីហា កន្លងទៅនេះ គម្រោងវិនិយោគសរុប មានចំនួន៧២គម្រោង ក្នុងនោះ គម្រោងចំនួន៥៧ ត្រូវបានពិនិត្យ និងបន្ដនីតិវិធី ដែលមានទុនសរុបនៅក្នុងគម្រោងទាំងនោះ ២,៧០០លានដុល្លារ»។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងស្នើសុំទាំង៧២គម្រោងនេះ អាចបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋជិត៨ម៉ឺនកន្លែង។

ដោយឡែក សម្រាប់ខេត្ដក្រចេះ មានចំនួន១៩គម្រោង ក្នុងនោះ គម្រោងចំនួន១៤ ត្រូវបានពិនិត្យ និងបន្ដនីតិវិធី សរុបទុន១,១០០លានដុល្លារ ដែលគ្រោងប្រើប្រាស់កម្មករ ជាង២,៦០០នាក់ ពេលគម្រោងទាំងនោះ ដាក់ឲ្យដំណើរការ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេច ក៏បានឲ្យដឹងផងដែរថា ទៅថ្ងៃមុខនឹងមានផែពហុបំណង នៅក្នុងខេត្តក្រចេះ ដើម្បីបម្រើការដឹកជញ្ជូនតាមផ្លូវទឹក។ ផែពហុបំណងនេះ ស្ថិតនៅក្នុងស្រុកប្រែកប្រសព្វ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

កម្មវិធីនេះ មានគោលបំណងប្រែក្លាយភូមិភាគឦសាន រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅជាប៉ូលសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល៕ អត្ថបទ៖ហ្សាលីន