តោះមកដឹងពីទំហំទឹកប្រាក់ ដែលវៀតណាម ចំណាយសម្រាប់ព្រឹត្តិការណ៍ SEA Game លើកទី ៣១ នេះ

អន្តរជាតិ

ប្រទេសវៀតណាម កំពុងតែបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games ៣១ ) ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យាពេលដោយសារជំងឺកូវីដ ១៩ ។ ហើយឥឡូវនេះ គ្រោងនឹងចាប់ផ្តើមធ្វើឡើងវិញ នៅឆ្នាំ ២០២២ ដែលនេះ ក៏ជាលើកទី ២ ផងដែរ ដែលវៀតណាម ទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាករដ៏ធំបំផុតរបស់តំបន់អាស៊ានមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាជាមួយព្រឹត្តិការណ៍ដ៏ធំមួយនេះ ប្រទេសវៀតណាម ត្រូវបានគេដឹងថា បានស្នើសុំកញ្ចប់ថវិកាដំបូង ប្រមាណ ៦៩,៣ លានដុល្លារ ដោយ ៤២,៣ លានដុល្លារ នឹងត្រូវប្រើប្រាស់ សម្រាប់ការចំណាយលើការរៀបចំ ខណ: ២៥,៩ លានដុល្លារផ្សេងទៀត នឹងត្រូវបែងចែកសម្រាប់ការធ្វើឱ្យប្រសើឡើង និងជួសជុលទៅលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រកួត SEA Games នេះ ។

ប៉ុន្តែយ៉ាងណា ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ថវិការបស់វៀតណាម សម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានកាត់បន្ថយ ដោយនៅខែមករា ឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាម បានអនុម័តថវិការៀបចំ មកត្រឹមចំនួន ៣២,៨ លានដុល្លារវិញ។

ដោយឡែក នាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាម បានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ១៦,៦៥ លានដុល្លារ សម្រាប់ការប្រកួត SEA Games ដោយទឹកប្រាក់នេះផងដែរ ត្រូវបានដកចេញពីថវិកាជាតិ សម្រាប់កីឡា និងការហ្វឹកហ្វឺនកាយសម្បទានៅឆ្នាំ ២០២២ ។

ជាមួយគ្នានេះ ក្រសួង និងទីភ្នាក់ងារកណ្តាល ចំនួន ៤ នឹងត្រូវបានផ្តល់ថវិកាចំនួន ៣៧៨,៣ ពាន់លានដុង ខណ:រដ្ឋបាលទីក្រុងហាណូយ និងខេត្តចំនួន ១១ ផ្សេងទៀត នឹងទទួលបានប្រាក់បន្ថែមចំនួន ៧០,៧ ពាន់លានដុង សម្រាប់រៀបចំព្រឹត្តិការណ៍នេះ ។

គួរឱ្យដឹងផងដែរថា SEA Games លើកទី ៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រ​ព្រឹត្តិ​ទៅ នៅទីក្រុងហាណូយ និង ១១ ខេត្តនៅជាប់នោះ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ ជាមួយនឹងប្រភេទកីឡាចំនួន ៤០ ដែលគ្របដណ្តប់ដោយ ៥២៦ ការប្រកួត និងត្រូវបានគេរំពឹងថាទាក់ទាញអ្នកចូលរួមប្រហែល ១០ ០០០ នាក់ ៕

ប្រភព: Wikipedia