៣ខែដើមឆ្នាំ២០២២ មានទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងចំនួន ១៩%

សង្គម​និង​សេដ្ឋកិច្ច

បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ខែដើមឆ្នាំ ២០២២ មានទំនិញឆ្លងកាត់កើនឡើងចំនួន ១៩ ភាគរយ បើធៀបនឹង៣ខែដើមឆ្នាំ២០២១។ របាយការណ៍នេះ ត្រូវបានបង្ហាញឡើងដោយ​លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងជំនួបពិភាក្សាការងារ ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា រដ្ឋាភិបាលជប៉ុនបានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុកន្លងមកអាចឱ្យនាវាដែលមានជំរៅទឹក៩.៥០ម៉ែត្រចូលចត ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក ១៤,៥ម៉ែត្រចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក។

លោក Fumiaki  Takahashi ប្រធានសមាគមជប៉ុន-កម្ពុជាក៏បានលើកឡើងដែរថា ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ តាមរយៈដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូវិនិយោគជប៉ុនមកកាន់កម្ពុជា ក៏ជាឱកាសជំរុញឲ្យមានអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងផងដែរ។

កាលថ្ងៃទី២៧ ខែមេសា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។

ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។

ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខណៈជំហានទី៣ មានប្រវែង ៤០០ម៉ែត្រ និងជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងបញ្ចប់ នៅឆ្នាំ២០២៩៕ អត្ថបទ៖ រង្សី