អ្នករកស៊ីក្នុងវិស័យ SME ស្នើសុំឲ្យរាជរដ្ឋាភិបាលជួយទិញផលិតផលរបស់សមាគម FASMEC និងមូលនិធិសម្តេចតេជោ SME

សង្គម​និង​សេដ្ឋកិច្ច

ប្រតិភូក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំ ដោយឧកញ៉ា តែ តាំងប៉ ដែលមានសមាជិកសមាជិកាចំនួន ៣០រូប ​ជួបសម្ដែងការគួរសមជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ SME និងសំណូមពរមួយចំនួនដាក់ជូនដល់រាជរដ្ឋាភិបាល កាលពីពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះឧកញ៉ា តែ តាំងប៉ ​ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​មានប្រសាសន៍ថា ​FASMEC និងសមាគមមូលនិធិសម្ដេចតេជោ SME បានសហការគ្នាក្នុងការបំពេញការងារ និងសកម្មភាពជាច្រើន ជាមួយគណៈកម្មការរបស់ខ្លួនក្នុងការរៀបចំសិក្ខាសាលា ក៏ ដូចជាការបណ្តុះបណ្តាលទៅសមាជិក សមាជិកាចំនួន២៥រាជធានីខេត្ត និងដើម្បីប្រមូលនូវបញ្ហាប្រឈមជាច្រើនយកមកពិភាក្សាជាមួយនឹងវេទកា​របស់រាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

បន្ថែមទៀតនោះ លោកឧកញ៉ា តែ តាំងប៉ បានជម្រាបជូនលោក ហែម វណ្ណឌី ពីគោលបំណងរបស់វិស័យ SME គឺចង់ឱ្យក្រសួង​ជួយដឹកនាំផ្តួចផ្តើម និងធ្វើ​ពីពិព័រណ៍ ស្តីពីសហព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រចាំឆ្នាំ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ឬ សួនច្បារសម្ដេចតេជោ ដើម្បីតាំងបង្ហាញផលិតផលខ្មែរទៅដល់សាធារណៈជន។ ​

ជាមួយគ្នានេះ លោកឧកញ៉ាក៏បានស្នើសុំដល់ក្រសួង​សហការជាមួយ FASMEC និងសមាគមមូលនិធិសម្ដេចតេជោ SME ​ក្នុងការដឹកនាំ និង​រៀបចំបង្កើត«កម្មវិធីប្រកួតពានរង្វាន់សហគ្រិនសហគ្រាសធុនតូចនិងមធ្យមកម្ពុជាទូទាំងប្រទេស​»​ប្រចាំឆ្នាំ​​ ដើម្បីលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លើសពីនេះទៅទៀត លោក​ឧកញ៉ាបានស្នើសុំ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ធ្វើជាប្រធានគណៈអធិបតី នៅក្នុងកិច្ចប្រជុំ និងសន្និសីទ​ទាក់ទងនឹងការចុះ MOU ជាមួយ សមាគមទាំងអស់ទូទាំងប្រទេស ដោយ FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងកៀងគរ សមាគមទូទាំងប្រទេសជាច្រើន ​ចុះ MOU ជាមួយគ្នា ដើម្បីគាំពារ និងគាំទ្រ SME ទាំងអស់ ក្នុងការជំរុញ និងបង្កើនការផលិតនូវកសិឧស្សាហកម្មឱ្យកាន់ច្រើន។ ​

បន្ថែមទៅទៀតនោះ លោកឧកញ៉ា តែ តាំងប៉ ក៏បានស្នើសុំសូមឱ្យរដ្ឋាភិបាលជួយទិញផលិតផល ពីសមាជិករបស់ FASMEC និងសមាគមមូលនិធិសម្តេចតេជោ ដែលជាផលិតផលក្នុងស្រុក ​ប្រសិនបើរដ្ឋាភិបាលត្រូវការអំណោយ ​ជួយដល់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន និងគ្រោះមហន្តរាយ ផ្សេងៗ ជាជាងការទិញផលិតផល ​ពីក្រៅប្រទេស ​ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក​ ខណៈអ្នកផលិតក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់។

ក្នុងជំនួបនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានលើកឡើងថា ពាក់ព័ន្ធនឹងវិស័យ SME រដ្ឋាភិបាលបានធ្វើការសិក្សាជាច្រើនមកហើយ ដើម្បីជួយគាំទ្រ ដល់ សហគ្រាសធុនតូច និងមធ្យម។

លោកថា ​ថ្វីត្បិតតែបច្ចុប្បន្ននេះ SME មានការប្រឈម​ប៉ុន្តែប្រសិនបើមានការរួមសហការគ្នាពីវិស័យឯកជន និងរដ្ឋ នោះនឹងអាចដោះស្រាយបញ្ហាបាន​ ខណៈនៅក្នុងអាណត្តិនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់​ណាស់ចំពោះSME។ ជាមួយគ្នានេះ លោកជំរុញឱ្យ សមាគម ឬSME ដែលបានបែកខ្ញែកគ្នា ចងក្រង និងចាប់ដៃគ្នាឡើងវិញ ដើម្បីធ្វើឱ្យSME មានភាពរឹងមាំ នឹងឈានទៅបង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលដំបូងនេះ លោកកំពុងរៀបចំពង្រឹងផ្ទៃក្នុងជាមួយមុនសិន។ តែយ៉ាងនេះក្តី ក្រសួងនឹងខិតខំកែលម្អការផ្តល់សេវាសាធារណៈ​ ជំរុញការធ្វើងារ និងការផ្តល់សេវាតាមរយៈអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ SME​​៕