ជំនួបជាមួយអ្នកឧកញ៉ា គិត ម៉េង សភាពាណិជ្ជកម្មអាមេរិក ស្នើឲ្យរោងចក្រសហគ្រាសកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម

សង្គម​និង​សេដ្ឋកិច្ច

នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់សភាពាណិជ្ជកម្មអាមេរិក លោក ចន ហ្កូយយើ ស្នើឲ្យរោងចក្រសហគ្រាសកម្ពុជា គួរពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីអាចតភ្ជាប់ទៅក្នុងខ្សែច្រវាក់តម្លៃបន្ថែមខ្ពស់។ លោកថា អាមេរិក មានបំណងធ្វើពិពិធកម្មការផលិតរបស់ខ្លួននៅក្នុងបណ្តារប្រទេសអាស៊ាន ហើយកម្ពុជា គឺជាគោលដៅដ៏សំខាន់មួយ មិនត្រឹមតែថ្លៃដើមទាបទេ ថែមទាំងគុណភាពខ្ពស់ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កាលពីថ្ងៃទី១៣ ខែឧសភា គូសបញ្ជាក់ថា សភាពាណិជ្ជកម្មអាមេរិក នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា រីករាយក្នុងការសហការជាមួយសភាពាណិជ្ជកម្មអាមេរិក ជំរុញទំនាក់ទំនងធុរកិច្ចនិងវិនិយោគរបស់ប្រទេសទាំងពីរ។ ឆ្នាំ២០២២ នេះ គឺជាឆ្នាំដ៏ប្រសើរ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ជាពិសេស ការរៀបចំកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន ដែលប្រព្រឹត្តទៅនៅសេតវិមាន គឺស្តែងបង្ហាញឲ្យឃើញពីនិមិត្តរូបនៃទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ។

នៅក្នុងជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើឲ្យមានសកម្មភាពរួមគ្នារវាងសភាពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញ ធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងមានកំណើនជាងមុន។ អ្នកឧកញ៉ាបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រនៅកម្ពុជា ដែលអាចនាំចេញផលិតផលទៅកាន់ទៅទីផ្សារពិភពលោក ឬទីផ្សារអាមេរិក ក្នុងអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី។

សូមជម្រាបជូនថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ដែលកាលពីឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក បានកើនដល់ជាង ៩ពាន់លានដុល្លារ បើទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយ។ ផលិតផលសំខាន់ដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិករួមមាន សំលៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មជាដើម៕