គ្រោង​អភិវឌ្ឍ​អាកាសយានដ្ឋានបាត់ដំបង ​កម្រិត​ 4C អាច​ទទួល​យន្តហោះប្រភេទ Airbus ឬ Boeing បាន

សង្គម​និង​សេដ្ឋកិច្ច

អាកាសចរស៊ីវិល និងរដ្ឋបាលខេត្ត​បាត់ដំបង បាន​បើកកិច្ចប្រជុំពិភាក្សាការងារក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សយ សុខាន់ រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះ មកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។

លោកថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវ Runway បន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ ទៅជាប្រភេទ 4C ដើម្បីធ្វើឲ្យទាក់ទាញ ភ្ញៀវទេសចរ ក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍ ខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ 4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក។

ជាមួយគ្នានេះលោក ក៏បានស្នើឲ្យមានការសិក្សាឲ្យច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅនៅទីនោះ។

លោក សុខ លូ បានប្តេជ្ញាចិត្តថា ក្នុងនាមរដ្ឋបាលខេត្ត នឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះ ពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅ ខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះ លេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕