ធនាគារជាតិនៃកម្ពុជាមានសុទិដ្ឋិនិយមថានឹងក្លាយជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិននៅចុងឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ បានបង្ហាញសុទិដ្ឋិនិយមអំពីដំណើរការក្នុងការចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន(CIPS) ក្នុងពេលឆាប់ៗដោយសារខាងធនាគារជាតិនៃកម្ពុជាបានសិក្សាអំពីតម្រូវការចូលជាសមាជិកCIPS តាំងពីដំបូងហើយបានដឹងគេត្រូវការ។លើសពីថ្នាក់ដឹកនាំប្រទេសទាំងសងខាងបានជជែកគ្នានិងបានឯកភាពជាគោលការណ៍រួចទៅហើយសង្ឃឹមថាវានឹងពន្លឿននៅនីតិវិធីនេះនឹងបានឆាប់ៗចូលជាសមាជិកCIPSនេះ អាចថានៅបំណាច់ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយអ្នកសារព័ត៌មាន ដើម្បីពន្យល់ពីលទ្ធភាពដែលកម្ពុជាអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) និង អត្ថប្រយោជន៍ដែលទទួលពីភាពជាសមាជិករបស់ប្រព័ន្ធ CIPS នេះកាលថ្ងៃទី១៣ខែកុម្ភៈឆ្នំា២០២៣នេះថាលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា៖១)- ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោកនិងតំបន់,២)-សម្រួលនិងជំរុញពាណិជ្ជកម្មការវិនិយោគនិងទេសចរណ៍ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយ ប្រទេសចិននិងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់ចិន។  

លោកស្រី ជា សិរី បានមានប្រសាសន៍ថា«មិនប្រកដថារាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាង SWIFT ហើយក៏មិនប្រាកដថារាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ។ ដូច្នេះកាលណាមានពីរជម្រើស យើងចំណេញ។ អ៊ីចឹងខាងណាចំណាយទាបជាង ខាងណាអាចឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ»។

ពាក់ព័ន្ធនិងការចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិនឬហៅថា CIPS បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹង CIPSគឺជាប្រព័ន្ធមួយសម្រាប់ធ្វើការទូទាត់ប្រាក់យ៉ន់ចិន អន្តរជាតិហើយនៅក្នុងនេះដោយសារតែប្រាក់យ៉ន់ចិននេះត្រូវបានអនុញ្ញាតឱ្យទៅជាទុនបម្រុងនិងជាមធ្យោបាយទូទាត់អន្តរជាតិដូចទៅនិងប្រាក់ដុល្លារអាមេរិកដែរ។

បណ្ឌិត គី សេរីវឌ្ឍន៍

លោកបណ្ឌិតលើកឡើងថា ចិនបានបង្កើតប្រព័ន្ធនេះឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការបង្កើនចរន្តនៃការទូទាត់ចៀងវាងការដាក់សំពាធបិទប្រព័ន្ធទូទាត់អន្តរជាតិតាមរយៈសហរដ្ឋអាមេរិក។ដូច្នេះប្រព័ន្ធទូទាត់ប្រាក់យ៉ន់នេះអាចជួយសេដ្ឋកិច្ចបើកឡើងវិញហើយជួយមិនឱ្យជាប់គំាងប្រព័ន្ធទូទាត់អន្តរជាតិដែលយើងប្រើប្រាស់ជាប្រាក់ដុល្លារអាមេរិក ដែលមានធនាគារកណ្តាលជាច្រើនធ្វើការទូទាត់តាមប្រព័ន្ធធនាគារអាមេរិក។

លោកបណ្ឌិតមានប្រសាសន៍ថា «នៅពេលដែលកម្ពុជាអាចចូលទៅក្នុងប្រព័ន្ធទូទាត់នេះបាន មានន័យថាយើងមានច្រកពីរ។កម្ពុជាអាចទូទាត់ប្រាក់ដុល្លារអាមេរិកជាមួយសហរដ្ឋអាមេរិកនិងជាមួយបណ្តាប្រទេសផ្សេងៗហើយកម្ពុជាក៏អាចទូទាត់ប្រាក់យ៉ន់ចិនដើម្បីធ្វើឱ្យមានភាពងាយស្រួលនៅក្នុងការធ្វើពាណិជ្ជកម្មជាចិននិងជាមួយប្រទេសផ្សេងទៀតដែលប្រើប្រាស់ប្រាក់យ៉ន់ដូចគ្នា។ត្រង់កន្លែងនេះវាជួយបើកឱ្យមានពិពិធកម្មនៃការទូទាត់កាន់តែទូលាយសម្រាប់ប្រទេសកម្ពុជា ដែលជាផលប្រយោជន៍សំខាន់សម្រាប់ប្រទេសកម្ពុជាដែលអាចធ្វើបានក្នុងទិសជាច្រើន។នេះគឺជាសក្តានុពលដែលកម្ពុជាមានក្នុងទំនាក់ទំនងការបរទេសជាមួយបណ្តាប្រទេសនានានៅលើសកលលោកដែលជាគោលនយោបាយផ្កាចម្រុះពណ៌របស់រាជរដ្ឋាភិបាលដែលមិនចូលបក្សសម្ព័ន្ធមិនប្រកាន់ពូជសាស្ត្រ ទស្សនៈ និន្នាការរបស់ពិភពលោក»។

ចំណែកលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ការចូលទៅក្នុងប្រព័ន្ធទូទាត់ជាអន្តរធនាគារចិនក្នុងប្រាក់យ៉ន់ចិននេះជាជម្រើសល្អមួយផ្សេងទៀតសម្រាប់វិស័យឯកជនអ្នករកស៊ីទំាងអស់ ព្រោះការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន យើងជឿថានិងមានផលិតផលជាច្រើនដែលយើងនាំចេញពីកម្ពុជាទៅចិន។ ដូច្នេះយើងត្រូវការទូទាត់ជាសាច់ប្រាក់យ៉ន់។បើយើងមានប្រព័ន្ធនេះនឹងជួយឱការទូទាត់ងាយស្រួលនិងឆាប់រហ័សហើយមិនខាតបង់អត្រាប្តូរប្រាក់ពីប្រាក់យ៉ន់ទៅប្រាក់ដុល្លារ ហើយពីដុល្លារអាមេរិកទៅប្រាក់យ៉ន់ចិនសម្រាប់អ្នករកស៊ី។

ឧកញ៉ា លឹម ហេង

លោកឧកញ៉ាលឹមហេងមានប្រសាសន៍ថា«ក្នុងនាមវិស័យឯកជនពិសេសសភាពាណិជ្ជកម្មកម្ពុជាគាំទ្រក្នុងការចូលប្រព័ន្ធទូទាត់អន្តរធនាគារចិន។ យើងមានហើយជាប្រព័ន្ធប្រាក់ដុល្លារអាមេរិកបានទូទាត់កន្លងមក ហើយជឿថានឹងមានប្រព័ន្ធទូទាត់ប្រាក់យ៉ន់ចិន ឬ ប្រព័ន្ធទូទាត់នៅតាមប្រទេសផ្សេងទៀត មានកាន់តែច្រើនគឺកាន់តែល្អសម្រាប់អ្នករកស៊ី។ដូច្នេះបើយើងមានជម្រើសរើសផ្សេងទៀតយើងនឹងមានការទូទាត់ឆ្លងដែនកាន់តែមានភាពងាយស្រួលជាលក្ខណៈអន្តរជាតិនេះ»៕ អត្ថបទ៖សារេត