រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន សន្យាស្តារនិងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (CATA) នឹងជួយសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារអាកាសចរណ៍អាស៊ានតែមួយ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និងផែនការមេនៃសេវាកម្មនាវាចរណ៍ផ្លូវអាកាសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើគ្រប់វិស័យ រួមទាំងមនុស្ស និងការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន គំរូនៃការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសអាស៊ានក៏បានយល់ព្រមក្នុងការបង្កើនការចែករំលែកព័ត៌មានរវាងរដ្ឋ និងឧស្សាហកម្ម និងបង្កើតសំណុំវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាពស្របតាមស្តង់ដារ និងការអនុវត្តដែលបានណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូល Changi Aviation Summit 2022 (CAS) និងជាអនុលេខាក្រសួងដឹកជញ្ជូនសឹហ្ហបុរី លោក Kevin Shum បានលើកឡើងថា៖ “នៅពេលដែលពិភពលោកបានធូរស្បើយពីជំងឺរាតត្បាត COVID-19 យើងកំពុងមើលឃើញថាការធ្វើដំណើរតាមផ្លូវអាកាសមានភាពល្អឡើងវិញ។

លោកថា កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ផ្តល់នូវវេទិកាទាន់ពេលវេលាសម្រាប់មេដឹកនាំអាកាសចរណ៍ពិភពលោក អ្នកបង្កើតគោលនយោបាយ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់ដើម្បីមករួមគ្នា និងប្តេជ្ញាធ្វើឱ្យប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិរស់ឡើងវិញប្រកបដោយសុវត្ថិភាព និរន្តរភាព និងរួមបញ្ចូល។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បាននិយាយថា៖ «នៅពេលដែលប្រទេសនានាជុំវិញពិភពលោកបន្តបន្ធូរបន្ថយការរឹតបន្តឹងលើជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ចាប់ផ្តើមនៅក្នុងជំពូកថ្មីនៃការអភិវឌ្ឍន៍រួម សហប្រតិបត្តិការ និងនិរន្តរភាពនៅក្នុងតំបន់ ហើយកម្ពុជាមានអំណរគុណចំពោះឱកាសនេះក្នុងការចូលរួមក្នុង CAS ហើយប្តេជ្ញាសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅកម្រិតសកល ថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីសម្រួលដល់ការចាប់ផ្តើមឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit (CAS) ដែលរៀបចំរួមគ្នាដោយក្រសួងដឹកជញ្ជូនសិង្ហបុរី (MOT) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលជាព្រឹត្តិការណ៍អាកាសចរណ៍ដ៏សំខាន់ដំបូងគេដែលបានធ្វើឡើងនៅក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះ មានវត្តមានមេដឹកនាំអាកាសចរណ៍ពិភពលោកជាង ៣០០នាក់ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់មកពីជាង ៤៥ប្រទេសបានចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរីដែលមានរយៈពេលពីរថ្ងៃដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត Sands ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៕