ឆ្នាំមុន៖ ចំណូលសារពើពន្ធកម្ពុជាមានតម្លៃសរុបជាង៦ពាន់លានដុល្លារ លើសផែនការរហូត ២៧ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ កាលព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាព ខណៈចំណូលសារពើពន្ធកម្ពុជា នៅឆ្នាំ២០២២ មានតម្លៃសរុបប្រមាណជាង៦ពាន់លានដុល្លារ លើសផែនការរហូត ២៧ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេតេជោ ហ៊ុន សែន បានឱ្យដឹងបន្តថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាថា សម្រេចបានអត្រារហូតដល់ ៥.៥ភាគរយ នៅឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលជាតិ បានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងគយប្រមូលបាន ១២៧ភាគរយ (លើសផែនការ ២៧ភាគរយ) ស្មើនឹងទឹកប្រាក់សរុបចំនួន ៦១៤៥លានដុល្លារ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ចំណូលដែលរកបានជាង៦ពាន់លានដុល្លារនេះ គ្រាន់តែជាចំណូលសារពើពន្ធប៉ុណ្ណោះ មិនទាន់គិតដល់ចំណូលមិនមែនសារពើពន្ធផ្សេង ទៀតនោះទេ ដូចជាចំណូលបានពីទិដ្ឋាការភ្ញៀវទេសចរ ចំណូលវិស័យរ៉ែ ជាដើម។

ជាងនេះទៀត សម្តេចតេជោ បានបន្ថែមទៀតថា ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។ ជាងនេះទៀត នៅក្នុងឆ្នាំ២០២៣នេះ សម្តេចក៏បានរំពឹងទុកថា កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ខណៈផលិតផលក្នុងស្រុកសរុប(ផ.ស.ស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងងើបឡើង ដល់ ១ ៩២៤ ដុល្លារ ធៀបនឹងឆ្នាំ២០២២ មាន GDP កម្ពុជាមានចំនួន១៧៨៥ដុល្លារផងដែរ។ គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នឹងប្រែក្លាយជីវភាព ប្រជាពលរដ្ឋឱ្យមានភាពធូរធារ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះ បើមើលពីការធ្វើជំរឿន សេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕