ឧកញ៉ា សុង សារ៉ន៖ តម្លៃស្រូវនៅកម្ពុជា នឹងហក់ឡើងថ្លៃជាង១០% កំឡុងខែកក្កដា-សីហា ខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា តម្លៃស្រូវនៅកម្ពុជានឹងឡើងថ្លៃពី១០% ទៅ១៥% នឹងឡើងថ្លៃយ៉ាងហោចណាស់ពី១០% ទៅ១៥% ក្នុងរដូវកាលច្រូតកាត់ ពោលគឺកំឡុងខែកក្កដា-សីហា ខាងមុខនេះ។នេះបើតាមការឲ្យដឹងពី ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានបង្ហាញសុទិដ្ឋិនិយមថា រដូវប្រមូលផលស្រូវប្រាំងក្នុងកំឡុងពេលខែកក្កដា-សីហាខាងមុខនេះ តម្លៃស្រូវនៅកម្ពុជានឹងឡើងថ្លៃយ៉ាងហោចណាស់ពី១០% ទៅ១៥% ដោយសារបច្ចុប្បន្ននេះ តម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃប្រមាណ១០%។

ជាមួយគ្នានេះ លោកឧកញ៉ាថា ខណៈពិភពលោកកំពុងខ្វះស្បៀងអាហារ ដោយសារ វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ព្រោះប្រទេសទាំង២នេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ។ ហេតុនេះ វាក៏ជាឱកាសល្អសម្រាប់អង្ករកម្ពុជាផងដែរ។
លោកឧកញ៉ាបន្ថែមទៀតថា នៅខែ កក្កដា-សីហាខាងមុខនេះ ស្រូវប្រាំងយើងចាប់ផ្តើមច្រូតហើយ យើងរំពឹងថានឹងមានតម្លៃកើនប្រហាក់ប្រហែលពី១០ ទៅ១៥% បើយើងមើលទៅលើតម្លៃអង្ករដែលកំពុងឡើង។ តែបើយើងប្រៀបធៀបនឹងស្រូវសាលីឡើងជាងនេះ ១តោនឡើងពី២០ទៅ៣០%ហើយ។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២២ នេះ មានក្រុមហ៊ុននាំចេញចំនួន ៤៨ ក្រុមហ៊ុនបានធ្វើការនាំចេញទៅកាន់គោលដៅចំនួន ៥៤ ដែលក្នុងនោះរួមមាន៖ ប្រទេសចិន បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២.១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារសហរដ្ឋអាមេរិក ការនាំចេញទៅ តំបន់អឺរ៉ុបមានបរិមាណសរុបចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១.០០% គិតជាទឹកប្រាក់មានចំនួន ៥១.០២ លានដុល្លារសហរដ្ឋអាមេរិក ការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩.៨៩ % គិតជាទឹកប្រាក់មានចំនួន ១៣.៩០លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦.៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនៃការនាំចេញក្នុងរយៈពេល ៤ខែនេះ មានកំណើនចំនួន ១៤.៨៨% ឬស្មើនឹងចំនួន ២៨ ៦៤៣ តោន។

ក្នុងនោះដែរ កម្ពុជា បាននាំចេញស្រូវគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន ១ ៦៤៨ ៤៧៤ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជាចំនួន ៣៧៦.៦៤ លានដុល្លារសហរដ្ឋអាមេរិក។ ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានបរិមាណចំនួន ៦៧.១២% អង្ករស ចំនួន ៣០.១៣% អង្ករចំហុយចំនួន ១.០៧% និងអង្ករសរីរាង្គចំនួន ១.៦៨% ៕ អត្ថបទ៖ រង្សី

94 Shares