ការសិក្សា៖ អតិថិជន៣២០០នាក់ បង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍ឯករាជ្យបង្ហាញរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្មីៗនេះបានបង្ហាញពីការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យបានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ច ដ៏រឹងមំាប៉ុណ្ណោះទេ តែថែមទំាងជាកម្លំាងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុ និងអនុវត្តដោយក្រុមស្រាវជ្រាវអន្តរជាតិM-RILបានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធផលរបស់វិស័យនិងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជនជាង៣២០០ នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង ៤៥០ភូមិក្នុងខេត្តចំនួន១០ បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុ ទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

ការសិក្សាបានបង្ហាញថា ពីរភាគបី(២/៣)នៃសំណាកបានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ៣១% ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល៣៦% ផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល៥ឆ្នំាចុងក្រោយ។នេះគឺជាតឹកតាងបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា« ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុ មិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងគ្របដណ្តប់លើទិដ្ឋភាពសង្គមទំាងមូលទៀតផង។ ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្តល់សិទ្ធអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»៕ តាកែវ