អ្នកនិពន្ធល្បីឈ្មោះ ចេញ​មុខ​ជួ​យ​ផ្សព្វផ្សា​យ​ខ្សែភាពយន្ត​ភាគខ្មែរ​​លើទូរទស្សន៍

សង្គម​និង​សេដ្ឋកិច្ច

អ្នកនិពន្ធ ម៉ីសន សុធារី បានចេញមុខផ្សព្វផ្សាយឱ្យភាពយន្តក្នុងស្រុក ស្របពេលដែល ភីអិនអិន បានបញ្ចេញនូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់ ជាស្នាដៃថ្មីនៃអ្នកនិពន្ធនិងដឹកនាំរឿងដ៏មានកេរ្តិឈ្មោះ គឺលោកស្រី ពាន់ភួង បុបា្ជ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានទស្សនាវគ្គខ្លះៗនៃភាពយន្តនេះ បានបញ្ចេញយោបល់ឱ្យដឹងថា ការអប់រំដ៏ស៊ីជម្រៅ និងតថភាពជីវិតបច្ចុប្បន្ន ដែលមានឆ្លុះបញ្ចាំងអំពីជ្រុងខ្លះក្នុងជីវិតអាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរក្រោមគំនាបសេដ្ឋកិច្ចនិងទំនៀមទម្លាប់ចាស់បង្កប់ក្នុងរឿងភាគដ៏ល្អមួយខ្សែនេះ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានថ្មីសម្រាប់សង្គមអ្នកទស្សនា។

អ្នកនិពន្ធឱ្យដឹងបន្ថែមទៀតថា៖ «នេះមិនមែនជាលើកទីមួយទេ ដែលខ្ញុំចូលរួមចេញមុខផ្សព្វផ្សាយឲ្យភាពយន្តខ្មែរ! សម្រាប់ទូរទស្សន៍ក្នុងស្រុក ក៏ដូចជាផលិតកម្មផ្សេងៗដែលផលិតជារឿងបញ្ចាំង នៅរោងភាពយន្ត ខ្ញុំមានចេតនាក្នុងការចូលរួមចំណែកជួយ! ខ្ញុំយល់ថា ទាំងផ្នែកទូរទស្សន៍ក៏ដូចជាក្រុមផលិតនិងផ្នែករោងកុនផ្ទាល់ផងដែរគេមានការលំបាកម្យ៉ាងរបស់គេ ! យើងតែងតែមានការវាយតម្លៃថាហេតុអីបានជារោងភាពយន្តធំៗមិនទទួលយករឿងខ្មែរយើងទៅដាក់បញ្ចាំងឲ្យបានច្រើនថ្ងៃប្រៀបធៀបទៅនឹងភាពយន្តបរទេស ប៉ុន្តែយើងអត់ដឹងពីហេតុផលទិដ្ឋភាពផ្សេងៗនៅពីក្រោយហ្នឹងទេ! គាត់មានបញ្ហាច្រើនដែលត្រូវទទួលខុសត្រូវ ហើយនៅពេលដែលយើងដាក់រឿងទៅអត់មានអ្នកទៅមើល ក៏បានន័យថាអត់មានចំណូលតើគាត់អាចធ្វើអីបាន? នៅក្នុងពាណិជ្ជកម្ម ធុរកិច្ច អ្វីក៏ដោយដែលអត់ចំណូលគឺចប់! លើផ្នែកទូរទស្សន៍ក៏អ៊ីចឹងដែរបើយើងម្នាក់ៗមិនចូលរួមជួយតើអ្នកណាជាអ្នកធ្វើវាដើម្បីយើង? ពេលខ្ញុំបោះដៃទៅរកការផ្សាយ នឹងសារពត៌មានផ្សេងៗ ក៏មិនសុំអត់គិតថ្លៃទេ គឺយើងជូនថ្លៃ ប៉ុន្តែដោយសារយើងអាចពន្យល់គាត់ថា តើបែបផែនបញ្ចុះតម្លៃបែបណា កុំប្រៀបធៀបកុនខ្មែរយើងទៅនឹងផលិតផលផ្សេងផ្សេងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឬមួយក៏ប៉ះពាល់ដល់ផ្នែកណាមួយនៃសង្គម កុនខ្មែរអត់មានអីប៉ះពាល់ទេ យើងជួយកាន់តែច្រើនគឺកាន់តែធ្វើឲ្យផលិតមានសន្ទុះ!»។

អ្នកនិពន្ធបន្ថែមទៀតថា៖ « ការជួយរបស់ខ្ញុំ ខ្ញុំធ្លាប់បានជួយរឿងមួយចំនួននៅទូរទស្សន៍ភីអិនអិន និងCTN មិនមែនដោយសារខ្ញុំធ្លាប់ជាបុគ្គលិកធ្វើការនៅហ្នឹង ប៉ុន្តែបើមានខាងណាទាក់ទងខ្ញុំឲ្យជួយផ្សព្វផ្សាយឲ្យខ្ញុំក៏មានសេចក្ដីសោមនស្សរីករាយនៅក្នុងការសិក្សាអំពីលំនាំរឿងរបស់គេ ដោយពិនិត្យលើសក្ដានុពលនៃរឿងរបស់គេ ការជះឥទ្ធិពលរបស់រឿងគេទៅលើសង្គមខ្មែរ ក្រុមគោលដៅ ទីផ្សារហើយខ្ញុំព្យាយាមជួយសម្រុះសម្រួលជាមួយក្រុមអ្នកព័ត៌មាន ដោយសារខ្ញុំមានទំនាក់ទំនងជាមួយអ្នកកាសែតនៅក្នុងប្រទេសយើងខ្លះ ពួកគាត់ក៏យោគយល់ ហើយយើងក៏យល់អំពីរបៀបធ្វើការប្រទាក់គ្នារវាងសិល្បៈនិងPress ធ្វើឱ្យលទ្ធផលចេញមកទទួលយកបាន!»។
ទូរទស្សន៍ភី អិន អិន ទើបនឹងចេញផ្សាយកម្រងភាពយន្តថ្មី ប្រើទុនច្រើនបំផុតរបស់ខ្លួន គឺជាងកន្លះលានដុល្លារអាមេរិក ក្រោមចំណងជើងថា «ហេឡូអ្នកម៉ាក់»ដែលចាក់ផ្សាយនៅរៀងរាល់យប់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩ ចាប់ពីថ្ងៃទី ០៦ ខែមិថុនានេះតទៅ ។