ភរិយាលោក ហ៊ុន ម៉ានី និងមហាសេដ្ឋីម្នាក់បង្ហាញវត្តមានកាត់ខ្សែបូរួមគ្នាបើកក្រុមហ៊ុនថ្មី

ជុំវិញ​ឧកញ៉ា

លោកជំទាវ យឹម ឆៃលីន និងអ្នកឧកញ៉ា សៀ ឬទ្ធី បង្ហាញវត្តមានក្នុងពិធីកាត់ខ្សែបូរសម្ពោធក្រុមហ៊ុនថ្មីមួយដើម្បីជ្រើសរើស និងស្វែងរកបុគ្គលិកសម្រាប់បំពេញតម្រូវការក្រុមហ៊ុន សហគ្រាស រោងចក្រនានា ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនថ្មីមួយនេះមានឈ្មោះថា ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ (MR Training & Jobs Center) ដែលមានភរិយាលោក ហ៊ុន ម៉ានី គឺលោកស្រី យឹម ឆៃលីន ជាអ្នកដឹកនាំផ្ទាល់ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន ខណៈអ្នកឧកញ៉ាកំពុងក្តោបក្តាប់មុខជំនួញជាច្រើននៅក្នុងដៃ។

ក្រុមហ៊ុនថ្មីមួយនេះ ក៏ត្រូវបានចូលរួមមកគ្រប់គ្រង និងដឹកនាំដោយពីលោកស្រី  ងួន សូនី ក្នុងនាទីជានាយិកាគ្រប់គ្រងក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុន MR Training & Jobs Center ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុង បរិបទ នៃបដិវត្ត ឧស្សាហកម្មជំនាន់ទី៤ (4th Industrial Revolution) ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះ ជំនាញ សមស្របឱ្យបំពេញការងារនៅ តាម ស្ថាប័ន សហគ្រាសរបស់ខ្លួន។

អ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន MR Training & Jobs Center មានប្រសាសន៍ថា៖ កម្ពុជាយើងមានប្រជាជនវ័យក្មេងចំនួនច្រើនណាស់ ដែលមានឆន្ទៈ ប្រកបដោយសេចក្តីស្វាហាប់ក្នុងការកសាងជីវភាពរស់នៅ និងចូលរួមចំណែកស្ថាបនាប្រទេសជាតិឱ្យបានកាន់តែប្រសើរឡើង។ ក៏ប៉ុន្តែគឺដោយសារ ពួកគេអាចខ្វះកត្តាជម្រុញ ដើម្បីអាចក្លាយជាអ្នកខ្លាំងពូកែប្រកបដោយទេពកោសល្យ ផ្សារភ្ជាប់ជាមួយនឹងការងារដែលរូបគេកំពុងធ្វើ ដូច្នេះហើយយើងបានបង្កើត MR Training and Jobs Center នេះឡើងក្នុងបំណងដើម្បីដោះស្រាយបញ្ហាគម្លាតនេះនៅក្នុងទីផ្សារ កម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈបន្ថែមដល់ពួកគាត់។ MRTJC ត្រូវបានបង្កើតឡើងជាវេទិកាមួយ សម្រាប់ផ្សារភ្ជាប់យុវជនជាមួយនឹងកាលានុវត្តភាពដែលបានពីនិយោជកដែលមានបទពិសោធន៍ល្អៗបំផុតរបស់កម្ពុជា។ 

គោលដៅរបស់យើង សាមញ្ញបំផុត គឺដើម្បីភ្ជាប់មនុស្សវ័យក្មេងដែលមានទេពកោសល្យ ឲ្យសមស្របទៅជាមួយនឹងអាជីវកម្មរបស់យើង។ អ្នកឧកញ៉ាបន្ថែម។

ថ្លែងប្រសាសន៍ក្នុងពិធីសម្ពោធនេះដែរ លោកកស្រី យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានគូសបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុននឹងដើរតួនាទីក្នងការផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារ ដ៏សម្បូរបែប នា ពេលបច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារ ដល់ យុវជន ជាពិសេស និស្សិត ដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឲ្យពួកគេ ទទួលបាន ចំណេះដឹង ជាមូលដ្ឋាន ក្នុងការ ឈានទៅប្រកបអាជីពនាពេលអនាគត។

យ៉ាងណាលោកស្រីបន្ថែមទៀតថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជក ក៏នឹង អាច ទទួល បាន នូវបុគ្គលិកដែលមានគុណវឌ្ឍិសមស្រប និងមានការត្រៀមខ្លួនរួចរាល់ ក្នុងការ បំពេញការងារ ឲ្យ ចំ គោលដៅ ក្នុងក្រុមហ៊ុនសហគ្រាសរបស់ពួកគេផងដែរ។

ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ ប្តេជ្ញានៅជាមួយយុវជន តាំងពីការចាប់ផ្តើមដំបូងនៃការងារ និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ យើងនឹងសហការជាបន្តបន្ទាប់ជាមួយដៃគូ នានាទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងក្នុងការបណ្តុះ និងពង្រឹងនូវសក្តានុពលរបស់យុវជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែឈ្ពោះទៅមុខ៕