អតីតមន្ត្រីយោធាផ្កាយ ៤ ប្រកាសចូលបម្រើការងារនៅ Blue Origins

អន្តរជាតិ

ក្រុមហ៊ុន Blue Origin បានធ្វើការប្រកាសកាលពីថ្ងៃទី ១៥ ខែមិថុនាថា អតីតនាយឧត្តមសេនីយ៍​ នៃអគ្គបញ្ជាការកងទ័ពអាមេរិក លោក John Hyten នឹងចូលរួមជាមួយក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋី លោក Jeff Bezos នាមជានាយកប្រតិបត្តិរបស់មូលនិធិ Club for the Future និងជាទីប្រឹក្សាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា លោក Hyten ដែលបានប្រកាសចូលនិវត្តន៍កាលពីខែវិច្ឆិកា បន្ទាប់ពីបានបម្រើការអស់រយ:ពេល ៤០ ឆ្នាំ នៅក្នុងជួរកងទ័ពអាកាសសហរដ្ឋអាមេរិក គឺត្រូវបានគេស្គាល់ថាជាមន្ត្រីយោធាលំដាប់ខ្ពស់បំផុតទី ២ ក្នុងប្រទេស ។ ហើយនៅក្នុងនាមជានាយឧត្តមសេនីយ៍​ លោកទទួលបានភារកិច្ច ត្រួតនិត្យតម្រូវការរួម ដែលរួមទាំងការត្រួតពិនិត្យរាល់ការទិញចូលសម្ភារ:យោធាផងដែរ ខណ:ពីមុនលោកធ្លាប់ធ្វើជាមេបញ្ជាការទ័ព​អវកាស និងបញ្ជការយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ​។

យ៉ាងណា លោក Bob Smith នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Blue Origin បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយ នៅក្នុងពេលថ្មីៗនេះ ថា ៖ ” យើងមានកត្តិយសខ្លាំងណាស់ ក្នុងការទទួលលោក Hyten នៅក្នុងនាមជាអ្នកជំនាញ លើភាពជាអ្នកដឹកនាំ និងជំនាញផ្នែកអវកាសដ៏អស្ចារ្យ មកកាន់ក្រុមហ៊ុន Blue Origin និង Club for the Future របស់យើង ” ។

បញ្ជាក់ថា លោក Hyten កំពុងចូលរួមជាមួយក្រុមហ៊ុន Blue Origin នៅពេលដែលក្រុមហ៊ុន កំពុងប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ទៅលើរ៉ុកក្កែតប្រភេទទម្ងន់ធ្ងន់ New Glenn របស់ខ្លួន ដើម្បីសម្លឹងរកការប្រកួតប្រជែងជាថ្មីម្តងទៀត ដើម្បីក្លាយជាក្រុមហ៊ុន ដែលផ្តល់ជូនសេវាបង្ហោះយានអវកាសសម្រាប់សន្តិសុខជាតិ ។

រំលឹកផងដែរថា Blue Origin នៅក្នុងឆ្នាំ ២០២០ ធ្លាប់បានចាញ់ ក្រុមហ៊ុន United Launch Alliance និង SpaceX សម្រាប់ទទួលយកសេវាកម្មនេះ ។ ប៉ុន្តែយ៉ាងណា រ៉ុកក្កែតប្រភេទ New Glenn ត្រូវបានរំពឹងថាអាចនឹងមានប្រៀបជាក្រុមហ៊ុនដៃគូប្រជែង នៅពេលដែលកិច្ចសន្យាក្នុងការបាញ់បង្ហោះ នឹងត្រូវបានបំពេញឡើងវិញ នៅឆ្នាំ ២០២៤ ៕

ប្រភព: Spacenews