អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទៅរៀន​តែ៤០នាទី​សោះពីការចិញ្ចឹមជ្រូកនៅសហរដ្ឋអាមេរិក រហូតជោគជ័យយ៉ាងសម្បើម

Uncategorized

សមាគម​សណ្តែក​សៀង​អាមេរិក​នៅកម្ពុជា​ CAST កាលពីថ្ងៃ​សុក្រ ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២២​ អញ្ជើញអ្នកឧកញ៉ា ម៉ុង ឫទ្ធី មកចែករំលែកបទពិសោធចិញ្ចឹមជ្រូក ដែលក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យឈានមុខគេមួយនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនោះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប ដែលមានភាពលេចធ្លោខាងវិស័យកសិកម្ម បានបង្ហាញអំ​ពីសាវតា ដែល​ជម្រុញឱ្យ​រូបលោកប្រកបមុខ​របរ​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​។

លោកថ្លែងរំលឹកថា កាលពីថ្ងៃទី​១៨ ខែឧសភា ​ឆ្នាំ​២០០៨ ​​លោកបានដឹកនាំ​គណប្រតិភូ​កម្ពុជា​ កសិករ​ខ្នាតតូច​និងតូច​បំផុត​ចំនួន​១៦នាក់​ ទៅបំពេញ​ទស្សនកិច្ច​រយៈពេល​១៥ថ្ងៃ​ នៅសហរដ្ឋអាមេរិក ដែលឧបត្ថម្ភ​ដោយ​អង្គការ​ USAID ហើយបានទៅកសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅរដ្ឋ​ North Carolina USA​ ក្រោយបានឃេីញ​សកម្មភាព​របស់​កសិករ​អាមេរិក​បាននាំគ្នា​ចិញ្ចឹម​ជ្រូក​យ៉ាងច្រេីន​មហិមា​ រហូតឈានទៅដល់ការនាំចេញ​ទៅលក់នៅឯ​បរទេស​រាប់ពាន់លាន​ដុល្លារ​ជារាងរាល់ឆ្នាំ​។

អ្នកឧកញ៉ាថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ ខ្ញុំ​គិតថា​កសិករ​ទាំងអស់​គ្នា​ដែលទៅ​បំពេញ​ទស្សនកិច្ច​នេះ​ ពិតជា​មិនអាច​មានអ្នកណាម្នាក់​មាន​​លទ្ធភាព​អាចធ្វេីបាននោះ​ទេ​ សំខាន់ដោយ​សារតែ​នៅ​កម្ពុជា​យេីងនៅ​មិនទាន់មាន​ស្ថាប័ន​ហិរញ្ញបទាន​ណា​គាំទ្រ​ប្រាក់​កម្ចី​ ទៅលេី​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ដាំដុះ​និង​ចិញ្ចឹម​សត្វ​នៅឡេីយទេ​។

លោកបន្ថែមថា មុនពេលទៅ​បំពេញ​ទស្សនកិច្ច​នេះ​ខ្ញុំ​ពិតជាមិនបានដឹងទេថា​ ជ្រូកមាន​ប៉ុន្មាន​ពូជ​ តំណរ​ពូជ​មាន​ប៉ុន្មាន​ឈាម​ ក្រោយបានចូលទៅ​ស្តាប់ការ​ពន្យល់​របស់​លោក​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​កសិដ្ឋាន របស់ មហាវិទ្យាល័យជាតិ NORTH CAROLINA A&T​ រយៈពេល​៤០នាទី​រួចមក​ ​ធ្វើឱ្យខ្ញុំ​មានការ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​វិស័យ​ចិញ្ចឹម​ជ្រូក​នេះ​។

លោកបន្ថែមទៀតថា ក្រោយ​ពីបាន​វិលត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា​យេីងវិញ​ ដេីម្បី​កុំឱ្យខាតបង់ប្រាក់​ររបស់ USAID ថ្លៃ​សំបុត្រ​យន្តហោះ​ ស្នាក់នៅ​ ហូបចុក​ និង​ដេីម្បី​ជា​កិត្តិយស​របស់​កម្ពុជា​យេីងផង​ ខ្ញុំ​ក៏បាន​ទំនាក់ទំនង​សុំទិញ​ពូជ​ជ្រូក​ដូនតាទួត​ពី​សហរដ្ឋអាមេរិក​ តែមិនអាច​ធ្វើ​ទៅរួចទេ​គឺជួបការលំបាក​សព្វ​បែបយ៉ាង​ ដោយ​អស់សង្ឃឹមពេក​ខ្ញុំ​ក៏បាន​ទំនាក់ទំនង​ទិញ​ពូជជ្រូក​យ៉កសៀរ ជាពូជ​​ដូនតាទួត​ មកពី​ចក្រភព​អង់គ្លេស​វិញម្តង​បានដូចបំណង​ពិតមែន​ នៅថ្ងៃ​ទី១៥ ខែ១២ ឆ្នាំ២០០៨។

បើតាមអ្នកឧកញ៉ា ក្រុមហ៊ុន M’s Pig ACMC (Cambodia) បាននាំចូលពូជជ្រូក​ដូនតាទួត GGP ដែលមានមេពូជ ៦០០ ក្បាល និងបាពូជ ៣០ក្បាល ពីទីក្រុងយ៉កសៀរ ចក្រភពអង់គ្លេស ដឹកជញ្ជូន​តាមយន្តហោះ​ចំនួន ៣ ជេីង​ ក្នុង​តមម្លៃ​១លានដុល្លារ​សហរដ្ឋអាមេរិក​ក្នុងមួយជេីង​ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកឧកញ៉ាគូសបញ្ជាក់ថា រយៈពេល​២ម៉ោងពេញ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ សហគម​កសិករ​សណ្តែក​សៀង​សហរដ្ឋអាមេរិក​ នាំគ្នា​ជជិក​សាកសួរ​ដេញដោល​ថាតេីហេតុអ្វី​បាន​ជាទៅរៀន​តែ៤០នាទី​សោះ​ យកមក​អនុវត្តន៍​បានល្អ​រហូត​ផ្គត់ផ្គង់​ជ្រូក​ ជាប់​ចំណាត់ថ្នាក់លេខ​២នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

គួររំលឹកថា ក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន M’s Pig ACMC ត្រូវបានគេមើលឃើញថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរនូវវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ដោយផ្គត់ផ្គង់នូវជ្រូកមេ និងជ្រូកបាពូជមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលពីមុនសាច់ជ្រូកមានគុណភាពខ្ពស់គឺមានតែនាំចូលតែប៉ុណ្ណោះ។

លើសពីនេះ ក៏ជាក្រុមហ៊ុនដំបូងដែលបាននាំចូលពូជជ្រូកបាពី Yorkshire ចក្រភពអង់់គ្លេស នឹងបង្កើនជ្រូកមេរហូតដល់ ១៨.០០០ ក្បាល នៅឆ្នាំ ២០១៨៕

82 Shares