៣ខែមកនេះ កម្ពុជារកចំណូលបានជាង១០០លានដុល្លារពីការនាំចេញកៅស៊ូ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងទំហំទឹកប្រាក់ប្រមាណ ជាង១០០លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ បានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ ចំណែកេការនាំចេញឈើកៅស៊ូ មានចំនួន៣៥៥ ៦៩៤ដុល្លារ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ជ័រកៅស៊ូមានតម្លៃ ១,៤៥០ដុល្លារ ក្នុង១តោន កើនឡើង៤១ដុល្លារ ក្នុង១តោន ស្មើនឹង៣% បើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ចំណែកេតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ មាន តម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។

បើតាមម្ចាស់ចំការកៅស៊ូម្នាក់នៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជ័រកៅស៊ូបច្ចុប្បន្នលក់បានក្នុងតម្លៃចន្លោះពី ២,៧០០៛ទៅ២,៨០០៛ ក្នុងមួយគីឡូក្រាម ដោយតំបន់ខ្លះតម្លៃអាចលើសពីនេះ អាស្រ័យទៅលើគុណភាពនៃ ជ័រកៅស៊ូ។តម្លៃបច្ចុប្បន្ននេះ បើធៀបនឹងឆ្នាំមុនមានការកើនឡើងតិចតួច។

សូមបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបនិងឆ្នាំ២០២២៕