រដ្ឋ អនុម័តគម្រោងវិនិយោគថ្មី ក្រោមទុនជិត៣០០០លានដុល្លារ ត្រឹម៦ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៨៧គម្រោង ក្រោមទុនវិនិយោគប្រមាណ ជាងជិត៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាបានអនុម័តគម្រោងវិនិយោគ ប្រមាណជាង២៧០០លានដុល្លារ លើវិស័យជាច្រើនមុខ នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែង។

គម្រោងវិនិយោគទាំង៨៧គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

គួរបញ្ជាក់ដែរថា ក្នុងឱកាសចូលរួមក្នុង «កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី» លើកទី៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) បានលើកទឹកចិត្តឱ្យវិនិយោគិន ក្នុងបណ្តាប្រទេសអាស៊ាន ជាពិសេសវិនិយោគិនមកពីអ៊ីតាលី និងប្រទេសផ្សេងៗទៀត ស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងជាច្រើន ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះផងដែរ៕