ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ម៉ាក្រុង រំលេចឡើងវិញអំពីចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានគូសរំលេចឡើងវិញអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទនេះលោក ម៉ាក្រុង បានថ្លែងរម្លឹកអំពីការលើកស្ទួយ និងការការពារសន្តិភាពនៅកម្ពុជាកាលពីអតីតកាល ហើយក៏បានរំលឹកអំពីសុន្ទរកថារបស់លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ នៅរាជធានីភ្នំពេញ ដែលអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំពង្រីកសង្គ្រាមនៅឥណ្ឌូនចិន។ លោក ម៉ាក្រុង ក៏បានរម្លឹកឡើងវិញផងដែរ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។

ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជាលើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ ប្រធានាធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ប្រធានាធិបតី ម៉ាក្រុង បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំង ក៏បានគូសរំលេចផងដែរថា ការជួបជាមួយសម្តេចតេជោ ក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះ លោក ម៉ាក្រុង ក៏បានផ្តល់ការកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកថ្លែងថា នេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកប្រធានាធិបតី ដែលរដ្ឋាភិបាលបារាំង ដែលទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ»។

ក្នុងសន្និសីទព័ត៌មាននៅទីក្រុងបារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។ បើតាមសម្តេចតេជោ រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតីបារាំង មិនជំទាស់នឹងគម្រោងនេះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឱ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ៕