កម្ពុជា ​និងនីហ្សេរីយ៉ា បង្ហាញពី​បំណងរួមគ្នា​ពង្រឹង​ទំនាក់​ទំនង​​ និងសហប្រតិបត្តិការ​វិស័យយោធា

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អគ្គមេបញ្ជាការ​នៃកង​យោធ​ពល​​ខេមរភូមិន្ទ បានអនុ​ញ្ញាតឱ្យ ទីប្រឹក្សា​យោធា​នីហ្សេរីយ៉ា​ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពរ ប្រទេសម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម នៅអគ្គបញ្ជា​ការ​ដ្ឋាន។ នៅក្នុងជំនួបនោះកម្ពុជា ​និងនីហ្សេរីយ៉ា បានលើក​ឡើង​ពីពីគោលបំណងរួមគ្នា ​ភ្ជាប់​ទំនាក់ទំនង និងកិច្ចប្រ​តិ​បត្តិការ​លើវិស័យការពារជាតិ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា នៅក្នុងជំនួបជាមួយអគ្គមេបញ្ជាការ​នៃកង​យោធ​ពល​​ខេមរភូមិន្ទ លោក​ឧត្តមសេនីយ៍ត្រី EA EJODAME ទីប្រឹក្សា​យោធា​នីហ្សេរីយ៉ា​ប្រចាំកម្ពុជា បានលើក​​ឡើងពី គោលបំណង ​ភ្ជាប់​ទំនាក់ទំនង និង​​កិច្ចប្រតិបត្តិការលើវិស័យ​​ការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈ​ស្រដៀងគ្នា​នៅក្នុង​ប្រវត្តិ​សាស្ត្រ ធ្លាប់ទទួល​​រង​​នូវ​​​​សង្រ្គាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបាន​ខិត​ខំប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​​ទទួលបានសន្តិភាព និងកំពុងចែករំលែក​បទពិសោធន៍ពីការទទួល​​បានសន្តិភាព​​​នេះ​​ទៅដល់​បណ្តា​​កងទ័ពនៅលើពិភពលោក។ ដោយឡែក ភាពខ្លាំងរបស់​កងទ័ព​កម្ពុជា នីហ្សេរីយ៉ា គឺអាចសហការ​គ្នា​បាន ដោយផ្អែក​លើប្រទេស​ទាំងពីរមានវិទ្យាស្ថានកងទ័ព មាន​សាកល​​វិទ្យាល័យ​ការពារជាតិ និងមាន​មជ្ឈមណ្ឌល​ថែរក្សាសន្តិភាព​ដូចគ្នា ជាការផ្តល់​​ឱកាសដល់ការចែក​រំលែកបទ​​​ពិ​សោធន៍ និង​ចំណេះ​ដឹងឲ្យគ្នាបានយ៉ាងច្រើន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកង​យោធ​ពល​​ខេមរភូមិន្ទ បាន​ឯកភាពចំពោះ​ការ​លើក​ឡើងរបស់ទីប្រឹក្សា​យោធា​នីហ្សេរីយ៉ា​ប្រចាំកម្ពុជា ក្នុងការស្វែង​​រកឱកាស​ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងកង​ទ័ពប្រទេសទាំងពីរ ដោយ ផ្តោតសំខាន់​លើកិច្ច​សហ​ប្រតិបត្តិ​ការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព។

នាយឧត្តម​សេនីយ៍ ក៏សង្ឃឹមជឿជាក់ថាតាមរយៈនៃដំណើរទស្សន​កិច្ចរបស់ ទីប្រឹក្សា​យោធានី​ហ្សេរីយ៉ា​ប្រចាំកម្ពុជា អ្វីៗនឹង​ដំណើរការល្អប្រសើរ ពិសេសនៅលើការបង្កើត​ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិ​ការ​​រវាង​កងទ័ពប្រទេសទាំងពីរ ដែល​អាច​ឈានទៅ​ដល់កា​រចុះ​ហត្ថ​លេខាលើអនុស្សារណៈយោគយល់​ជាមួយគ្នា។