ឆមាសទី ១ គយប្រមូលចំណូលបាន ១ ២៩៥,៤ លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅឆមាសទី១ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញររាយការណ៍ថា ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ រួមមាន៖
•ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦ ៥៦១,៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៨៤០,៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩%,
•ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាមេរិក ស្មើនឹង ៤០%,
•ការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦០,៥ លានដុល្លារអាមេរិក ស្មើនឹង ១០,២% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៣៦៨,៣ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥៦,៨ លានដុល្លារអាមេរិក (១៣,៤%), ការនាំចេញអង្ករមានតម្លៃ ២០៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ០,២ លានដុល្លារអាមេរិក (០,១%), កៅស៊ូនាំចេញមានតម្លៃ ១៨១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៤,១ លានដុល្លារអាមេរិក (១៥,៣%), និងកសិផលផ្សេងទៀតមានតម្លៃ ៥២៣,៦ លានដុល្លារអាមេរិក កើនឡើង ៨៥,១ លានដុល្លារអាមេរិក (១៩,៤%)៕