២០ឆ្នាំមាននិស្សិតជាង១ម៉ឺននាក់បញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

សង្គម​និង​សេដ្ឋកិច្ច

ជាង២ទស្សវត្ស វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI បានបណ្តុះបណ្តាលនិស្សិតជាងមួយម៉ឺននាក់ លើជំនាញវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ព័ត៌មានវិទ្យា ស្ថាបត្យកម្ម ម៉ាស៊ីនត្រជាក់ និងបរិក្ខាត្រជាក់ ខណៈដែលចំនួននិស្សិតសិក្សាសម្រាប់ឆ្នាំ២០២២ មានប្រមាណជាង៤ពាន់នាក់ ចាប់ថ្នាក់វិញ្ញាបនបត្រដល់ថ្នាក់អនុបណ្ឌិត។ នេះបើតាមលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបទេសជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក្នុងដំណើរទស្សនកិច្ចដ៏កម្រមកកាន់វិទ្យាស្ថាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យ៉ោក សិទ្ធី បន្តថា បេសកម្មមួយទៀតរបស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស គឺការបណ្តុះបណ្តាលជំនាញគរុកោសល្យដល់គ្រូចូលថ្មី ដែលត្រូវបានឧទ្ទេសនាមឱ្យទៅបំពេញ ការងារនៅតាមមជ្ឈមណ្ឌល វិទ្យាស្ថានពហុបច្ចេកទេសនានានៅតាមបណ្តាខេត្តទូទាំងប្រទេស។

ទន្ទឹមនឹងនោះបើតាមលោក យ៉ោក សុទ្ធី វិទ្យាស្ថានបានបញ្ជូនមន្ត្រី សាស្ត្រាចារ្យ និងនិស្សិតទៅសិក្សា និងតាមរយៈកម្មវិធីបម្លាស់ប្តូរបទពិសោធន៍នៅប្រទេសជប៉ុន និងតាមអនឡាញ ក្នុងនោះសាស្ត្រាចារ្យ៤រូប បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ ណាហ្គោយ៉ា និងកូបបិ ចន្លោះឆ្នាំ២០១២ និង ២០២១ មន្ត្រី១១រូប តាមរយៈកម្មវិធី បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ចន្លោះឆ្នាំ២០០៧ និង ២០២១ និស្សិត ០៣រូប បានចូលរួម JENESYS 2018 និងអ្នកស្ម័គ្រចិត្តជប៉ុន ០២ រូបមកវិទ្យាស្ថានក្នុងឆ្នាំ ២០០៧ និង ២០១១។

គួររំលឹកបន្ថែមថា វិទ្យាស្ថាន NTTI បានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០១ ស្ថិតនៅក្រោមការគ្រប់គ្រង ក្រសួងអប់រំ យុវជន និងកីឡា។ បច្ចុប្បន្ន វិទ្យាស្ថានបានផ្លាស់ប្ដូរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ៕