វិស័យឯកជនមានក្តីរំពឹងថា រាជរដ្ឋាភិបាលថ្មីនឹងធ្វើការគិតគូរទៅលើវិស័យទេសចរណ៍ជាចម្បងមុនគេ

សង្គម​និង​សេដ្ឋកិច្ច

នៅសល់មិនច្រើនថ្ងៃទៀតនោះទេ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នឹងចាប់បដិសន្ធិឡើង ហើយស្របពេលជាមួយគ្នានេះផងដែរ សម្រាប់វិស័យឯកជនដែលប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍មានក្តីរំពឹងថា រាជរដ្ឋាភិបាលថ្មីនេះនឹងធ្វើការគិតគូរទៅដល់វិស័យទេសចរណ៍មុនគេនៅក្នុងចំណោមវិស័យផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគទេសចរណ៍កម្ពុជាមានប្រសាសន៍ថា៖ «ទាក់ទងទៅនិងរាជរដ្ឋាភិបាលថ្មីដែលនឹងត្រូវបង្កើតឡើងនៅពេលខាងមុខនេះគឺយើងមានក្តីរំពឹងទៅលើការដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងយកសមត្ថភាព ចំណេះដឹងដើម្បីមកធ្វើការដឹកនាំ។ ដូចនេះថ្នាក់ដឹកនំាកំពូលៗដែលនិងមកជំនួសនេះនិងផ្តោតទៅលើជំនាញ ពិសេសជំនាញទេសចរណ៍ក្រសួងនឹងធ្វើការផ្តោតការយកចិត្តទុកខ្លាំង។ មកដល់បច្ចុប្បន្ននេះថ្នាក់ដឹកនាំយល់កាន់តែច្បាស់ ពីវិស័យទេសចរណ៍ហើយត្រូវការគិតគូរចម្បងមុនវិស័យផ្សេងៗ អីចឹងយើងរំពឹងថារាជរដ្ឋាភិបាលថ្មីលោកនឹងមានការគិតផ្តោតមកលើវិស័យទេសចរណ៍មុនគេ»។

លោកស្រីលើកឡើងថា សម្រាប់វិស័យឯកជនក្នុងវិស័យទេសចរណ៍យើងមានផែនការសកម្មភាពជាហូរហែរដើម្បីបម្រើទៅដល់ទេសចរនៅក្នុងស្រុក ក៏ដូចជាទេសចរក្រៅស្រុក ហើយទេសចរក្រៅស្រុកនេះគឺយើងមានផ្តោតខ្លាំង ដោយសារយើងបានប្រមើមើលឃើញនូវលំហូរភ្ញៀវទេសចរនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ ហើយយើងកំពុងតែគិតថាត្រូវធ្វើរឿងជាច្រើនផ្សេងទៀតដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជាបានដើរទាន់គេ ក្នុងនោះផ្នែកធនធានមនុស្ស ក្រសួងបានរៀបចំថ្នាលបណ្តុះបណ្តាលជាហូរហែរនៅពេលកន្លងមក ហើយនៅពេលថ្មីៗនេះក៏កំពុងពង្រឹងទៅលើការបណ្តុះបណ្តាលជំនាញនេះផងដែរ។

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កន្លងទៅថ្មីៗនេះបានបញ្ជាក់ថា «ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១ កម្ពុជាបានចូលរួមចំណែកក្នុងកំណែទម្រង់ការអប់រំជំនាញវិជ្ជាជីវៈនៅកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះយុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងមានឱកាសសម្រាប់ការងារនៅក្នុងតំបន់។ លើសពីនេះទៀត ដោយមានយន្តការទ្រទ្រង់គ្រប់គ្រាន់ ដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិក៏បានចូលរួមគាំទ្រយ៉ាងសកម្ម»៕ អត្ថបទ៖សារេត