លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធាន រដ្ឋនៃ​សាធារណរដ្ឋសង្គមនិយ​ម​វៀតណាម

សង្គម​និង​សេដ្ឋកិច្ច

ហាណូយ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈ​ប្រតិភូជាន់ខ្ពស់​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះលោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក ង្វៀន សួនហ្វ៊ុក អំពីលទ្ធផលប្រកប​ដោយផ្លែផ្កានៃកិច្ចសហ​ប្រតិ​ប​ត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ហើយឆ្លងតាមជំនួបពិភាក្សាការងារជាមួយ​នឹងថ្នាក់​​ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ក៏បានស្នើសុំប្រធានរដ្ឋ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែល​បានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យ​បានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការ​អភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ជាការឆ្លើយតប ប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃ​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរតាំងពីអតីតកាល រហូតមក​ដល់បច្ចុប្បន្ន និងបានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹង​មើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេល​អនាគត។

ជាងនេះទៀត លោកប្រធានរដ្ឋ ក៏បានកោតសរសើរអំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចហួសពីការរំពឹកទុកក្នុងរយៈពេល ០៦ ខែដើមឆ្នាំនេះ ទោះបីជាកន្លងមកទទួលរង​ប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ និងបានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម នៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងនាមជាអ្នកជិតខាងល្អជានិច្ច។

ក្នុងឱកាសនោះដែរ លោក ង្វៀន សួនហ្វ៊ុក ក៏បានសម្តែងនូវការអបអរសាទរ  និងការគាំទ្រផងដែរចំពោះ លោក ហ៊ុន ម៉ាណែត  ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាបេក្ខភាព​នាយករដ្ឋមន្ត្រីនា​ពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកប​ដោយភាពជោគជ័យ។