ជប៉ុន ជា ដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់ អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១២វិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន២រូបគឺ សម្តេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំប្រទេសអាស៊ាន ក្នុងនោះ ក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ានផងដែរ។

សូមជម្រាបជូនថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខែមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។ ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។

ជាមួយគ្នានេះ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ ធ្វើឲ្យ ប្រទេស ជប៉ុន ជា ដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់ អាស៊ានផងដែរ៕