ក្រុមហ៊ុនចិនចំនួន២ គឺក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. បានឱ្យដឹងថា ខ្លួននឹងបញ្ជាទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ ពាន់តោន នៅក្នុងឆ្នាំ២០២៥ នេះ។

នេះបើតាមការឱ្យដឹងពីលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមជាអធិបតីក្នុងព្រឹត្តិការផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន ដែលមានការអញ្ជើញចូលរួមពីអាជ្ញារធរខេត្ត និងតំណាងក្រុមហ៊ុនកម្ពុជា-ចិនជាច្រើនរូប កាលថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែទូលំទូលាយ។
លើសពីនេះ ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រសម្រាប់ទិញ-លក់ដំណាប់ស្វាយកម្ពុជា ចំនួន ២០ ០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន ១៥ ០០០តោន (២០២៥-២០២៦) រវាងក្រុមហ៊ុនចំនួន២ រួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd។បន្ថែមពីនេះ ក្រុមហ៊ុនចិនទាំងពីរនេះ នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ ពាន់តោនពីកម្ពុជា ក្នុងឆ្នាំ២០២៥ នេះផងដែរ៕ អត្ថបទ៖ហ្សាលីន


