នាយករដ្ឋមន្ត្រីថៃ អនុញ្ញាតឲ្យអតីតប្រធានាធិបតីស្រីលង្កាចូលប្រទេសបណ្ដោះអាសន្នប៉ុណ្ណោះ

អន្តរជាតិ

កាលពី​ថ្មីៗនេះ មាន​លេចលឺ​ដំណឹង​មក​ថា​ អតីត​ប្រធានាធិបតី​ស្រីលង្កា​បាន​ភៀសខ្លួន​មក​ប្រទេស​ថៃ ហើយ​នេះ​គឺជា​ប្រទេស​ទី ២ នៅ​អាស៊ីអាគ្នេយ៍​ដែល​លោក Gotabaya Rajapaksa បាន​រត់គេច​ ក្រោយ​ជម្លៀសខ្លួន​ពី​ប្រទេស​ស្រីលង្កា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធ​នឹង​ការ​មកដល់​ប្រទេស​ថៃ​របស់​អតីត​មេដឹកនាំ​រត់គេចខ្លួន​ម្នាក់​នេះ នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha បាន​និយាយ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​លោក Gotabaya ស្នាក់នៅ​ទីនេះ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ចាត់ទុក​ជា​អំពើ​មនុស្សធម៌ ទម្រាំ​អតីត​ប្រធានាធិបតី​ស្រីលង្កា​រក​បាន​ទ្រនំ​ថ្មី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី Newsfirst។

“​នេះ​គឺ​ជា​បញ្ហា​មនុស្សធម៌ ហើយ​ពួកយើង​បាន​និយាយ​គ្នា​រួចរាល់​ហើយ​ថា វា​នឹង​មិនពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​នយោបាយ​អ្វី​ទាំងអស់ ហើយ​គាត់​នឹង​នៅ​ទីនេះ​បណ្ដោះអាសន្ន ទម្រាំ​អាច​រក​បាន​ប្រទេស​ដែល​ទទួល​ជន​ភៀសខ្លួន”។ នេះ​បើតាម​សម្ដី​របស់​លោក Prayut ប្រាប់​ទៅ​កាន់ Thailand Media។

ដោយឡែក មន្ត្រីការបរទេស Don Pramudwinai ក៏​បាន​និយាយ​បន្ថែម​ថា លោក Gotabaya អាច​ស្នាក់នៅ​ប្រទេស​ថៃ បានរយៈពេល ៩០ ថ្ងៃ ដោយសារ​លោក​នៅ​កាន់​លិខិតឆ្លងដែន​ការទូត។

ទន្ទឹម​នឹង​នោះ នាយករដ្ឋមន្ត្រី​ថៃ​បាន​ដាក់លក្ខខណ្ឌ​មួយ​ជាមួយ​អតីតប្រធានាធិបតី​ស្រីលង្កា​ថា អាច​ស្នាក់នៅ​ប្រទេស​ថៃ​បណ្ដោះអាសន្ន​បាន កុំឲ្យ​តែ​បង្ក​ភាព​វឹកវរ​នៅ​ទីនោះ ហើយ​ថ្នាក់ដឹកនាំថៃ​បាន​ទម្លាយថា លោកមិនមាន​គម្រោង​នឹង​ជួប​ជាមួយ​ Gotabaya ឡើយ៕

12 Shares