Huawei ធ្លាក់ប្រាក់ចំណូលជិត ៦% ក្រោយកើតមានសង្គ្រាមពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក

អន្តរជាតិ

យោងទៅតាមតួលេខមួយ បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះជិត ៦% នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ ដោយសារតែប្រឈមមុខជាមួយនឹងវិបត្តិកូវីដ ១៩ និងការប្រកួតប្រជែងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ទៅដល់ការលក់របស់ក្រុមហ៊ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យខាងលើបានឱ្យដឹងថាទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ ទទួលបានប្រាក់ចំណូលចំនួន ៣០១,៦ ពាន់លានយ៉ន់ (៤៤,៨ ពាន់លានដុល្លារ) ពោលគឺបានធ្លាក់ចុះប្រមាណ ៥,៩% បើធៀបនឹងឆ្នាំមុន ។

គួរឱ្យដឹងថា កម្សោយនៃតម្រូវការសកល ដោយសារជំងឺរាតត្បាត ក៏ដូចជាការជាប់ឈ្មោះក្នុងបញ្ជីខ្មៅ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៩ បានធ្វើឱ្យមានការបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei យ៉ាងខ្លាំង ជាពិសេសវាបានប៉ះពាល់ដល់ការលក់ស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ។

ក្រុមហ៊ុន Huawei បានជួបការលំបាកយ៉ាងខ្លាំង បន្ទាប់ពីមានការដាក់ទណ្ឌកម្មដោយរដ្ឋបាល របស់អតីតប្រធានាធិបតីសហរដ្ឋមអាមេរិក លោក Donald Trump ជុំវិញការលើកឡើងពីក្តីព្រួយបារម្ភទៅលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងចារកម្ម ។ ហើយឈានមកដល់អាណត្តិរបស់លោក Joe Biden សហរដ្ឋអាមេរិក បានបន្ថែមសម្ពាធលើក្រុមហ៊ុនចិនកាន់តែខ្លាំង ជាមួយនឹងច្បាប់ Chip Act ដែលទើបនឹងត្រូវបានអនុម័តថ្មីៗនេះ ដែលអាចជាការគំរាមកំហែង ដល់សង្វាក់ផ្គត់ផ្គង់ឈីប ជាសកលទៀតផង ។

មិនតែប៉ុណ្ណោះ បើយោងតាមអ្នកផ្តល់ទិន្នន័យផ្អែកឧស្សាហកម្ម Canalys បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុន Huawei បានបាត់បង់តំណែងរបស់ខ្លួន ក្នុងចំណោមក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង ៥ នៅលើពិភពលោក ផងដែរ ។

បន្ថែមពីនេះ តួលេខដែលបានចេញផ្សាយ កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា កំណើនប្រាក់ចំនេញសម្រាប់ឆមាសទីមួយ ឆ្នាំ ២០២២ របស់ក្រុមហ៊ុន បានថយចុះមកត្រឹម ៥% ពោលគឺបានធ្លាក់ចុះពី ៩,៨% ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ៕

116 Shares