តើអគារទីស្នាក់ការកណ្តាលគណបក្សកាន់អំណាច ប្រើប្រាស់ទុនប៉ុន្មានសាងសង់?

សង្គម​និង​សេដ្ឋកិច្ច

អគារ ពណ៌ស ដ៏ធំ ស្កឹមស្កៃ កំពុងផុសឡើងត្រដែតបង្អួតរាងគួរជាទីទាក់ភ្នែក មហាជនទូទៅ នៅតាមបណ្ដោយ មហាវិថីព្រះនរោត្តម ក្នុងខណ្ឌ ចម្ការមន។ អគារនេះ គឺជា អគារ ទីស្នាក់ការ កណ្ដាល របស់ គណបក្ស ប្រជាជន កម្ពុជា ឬហៅថា វិមាន ៧មករា ដែលនៅមិនឆ្ងាយពីកន្លែងប្រមូលផ្តុំដោយក្រសួងមហាផ្ទៃ ព្រឹទ្ធសភា ស្ថាប័នជាតិ ស្ថានទូត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬអាចនិយាយម្យ៉ាងទៀតថា ជាកន្លែងប្រមូលផ្តុំដោយភូមិគ្រឹះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សេដ្ឋីជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ ស្នាក់ការ នេះ ត្រូវបាន បញ្ចប់ការសាងសង់ កាលពី ថ្ងៃទី ២០ មិថុនា ឆ្នាំ២០២២ ដោយ ចំណាយពេលជិត ២០ ខែ គិតចាប់ពីខែ វិច្ឆិកា ឆ្នាំ២០១៨។ អគារ វិមាន ៧មករា ដ៏ធំស្កឹមស្កៃនេះ សាងសង់អស់ទឹក ប្រាក់ប៉ាន់ស្មាន ប្រហែល ពី ៣០ ទៅ ៤០លានដុល្លារអាមេរិក ដែលជា សមិទ្ធផល ដែល បាន មក ពី វិភាគទាន ស្ម័គ្រចិត្ត របស់ សមាជិក គណបក្ស ។ នេះបើតាមមន្ត្រីគណបក្សប្រជាជនកម្ពុជា បង្ហើបឲ្យដឹង។

អគារ ទីស្នាក់ការ កណ្ដាលរបស់ គណបក្សប្រជាជនកម្ពុជា ឬ ស្នាក់ការ គ ៨៥ សង់តាម ក្បូរក្បាច់ រចនាបថ ខ្មែរ ទំហំសំណង់អាគារ ជាង ៥,៤០០០ ( ប្រាំម៉ឺនបួនពាន់ ) ម៉ែត្រក្រឡា ដំបូលប្រក់ក្បឿង ហើយជាន់នីមួយៗ ។ នៅជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ ចំណត និងទីធ្លាមុខអគារសម្រាប់មហាជន អាចចតរថយន្តបាន ៣០០ គ្រឿង។ រីឯនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញ (Meeting) ដែលមានសមត្ថភាពអាចដាក់មនុស្សបានចំនួនប្រមាណជា ១ ម៉ឺននាក់។

ចំពោះផ្នែកនៅក្នុងអគារ មានសាលបដិសណ្ឋារកិច្ច ដែលមានទំហំ ៣ ពាន់ម៉ែត្រក្រឡា អាចដាក់មនុស្សអង្គុយបានប្រមាណជាង ៤.០០០ នាក់។ ភ្ជាប់ជាមួយនោះ នៅផ្នែកខាងត្បូងអគារ មានអាហារដ្ឋានមួយកន្លែង ដែលអាចបម្រើសេវាមនុស្សបានចំនួន ១២០ នាក់ក្នុងមួយពេលៗ។

បន្ថែមពីនេះ អគារនេះ មានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។

ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអី អាចដាក់មនុស្សបានប្រមាណ ៣.៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣.៤៧០ នាក់ផងដែរ។

គួររំលឹកថា គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលបានក្លាយទៅជាគណបក្សនយោបាយមួយ កាន់អំណាចបានយូរជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា អគារទីស្នាក់ថ្មីរបស់របស់គណបក្សប្រជាជនកម្ពុជានេះ គឺបានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា។ បើតាមសម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោ ល បំ ណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧប សគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕