កម្ពុជាគ្រោង​ចំណាយ​​ថវិកាជាង៧៦ម៉ឺនដុល្លារ ដើម្បីបោស​ស​ម្អាត​​មីនឲ្យអស់នៅ​ខេត្តត្បូងឃ្មុំ

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក​សំណល់​សង្រ្គាម (NPMEC) បានចុះកិច្ចសន្យាជាមួយគ្នាលើការងារបោសសម្អាតមីនឲ្យអស់​ក្នុង​ខេត្ត​ត្បូ​ងឃ្មុំ ដោយគ្រោងចំណាយ​​​​ថវិកា​សរុបចំនួន​ជាង​​៧៦ម៉ឺនដុល្លារអាមេរិក និង​ប្រើប្រាស់រយៈពេល៦ខែ ដែលចាប់ផ្តើមប្រតិបត្តិការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិ​គ្រប់គ្រងកង​កម្លាំង​រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) បានធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីនកាលពីថ្ងៃទី១១ ខែកក្កដា។

លោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជា​អនុ​ប្រ​ធា​ន​ទី១អាជ្ញាធរមីន បានបញ្ជាក់ថា ថវិកាដែលគ្រោងចំណាយនេះ នឹងត្រូវ​ចំណា​យ​លើ ការចុះផ្ទៀង​ផ្ទាត់ផ្ទៃ​ដីជាមុន ត្រួត​ពិនិត្យគុណភាព ក្នុងកំឡុងពេលប្រតិបត្តិការ​បោ​ស​​​សម្អាត និងការងារបោស​សម្អាត​មីនទាំងស្រុង។

លោក លី ធុជ បានបន្តថា បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិ​កង​កម្លាំងរក្សាសន្តិភាព បាន​ចុះពិនិត្យនិងវាយតម្លៃរួមគ្នា តាមវិធីសាស្រ្តផ្ទៀងផ្ទាត់​ការ​ប្រើប្រាស់​ផ្ទៃដី​មាន​មីនជាក់ស្តែង ឃើញថា​មានផ្ទៃដីចំនួន​ជិត​៤​លានម៉ែត្រក្រឡា​នឹងត្រូវបោសសម្អាតគ្រាប់មីន​​ឲ្យ​អស់​​ក្នុង​ខេត្តត្បូងឃ្មុំ ។

លោក លី ធុជ បានបញ្ជាក់ទៀតថា​ ក្រៅពីការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រុមការងារអាជ្ញាធរមីន កំពុង​ធ្វើការ​ជាមួយក្រុមការងារកងទ័ពជើងគោក ចុះពិនិត្យ និងវាយតម្លៃស្ថានភាព​ចម្ការមីន​នៅ​ស្រុក​ឧដុង្គ និងស្រុកថ្ពង ក្នុង​ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិ​ការក្នុងពេលឆាប់ៗខាងមុខផង ដែរ។​

គួរបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៩០លានដុល្លារ ដើម្បីបោសសម្អាតមីនដែលនៅសេសសល់​លើផ្ទៃដីប្រមាណ​ជិត២ពាន់គីឡូម៉ែត្រក្រឡា ដោយតាមការប៉ាន់ប្រមាណសម្រាប់ការងារបោសសម្អាត​មីនក្នុងមួយ​ម៉ែត្រក្រឡា ត្រូវប្រើថវិកាចន្លោះពី៩០០រៀលទៅ១ពាន់រៀល ។

អាជ្ញាធរមីនកម្ពុជា បានប្រកាសដាក់ផែនការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌ​​មិនទាន់ផ្ទុះឲ្យអស់ពី ខេត្តត្បូងឃ្មុំ ខេត្ត​តាកែវ និងខេត្តកំពត យ៉ាងយូរនៅត្រឹមឆ្នាំ២០២៣។ ក្នុងនោះ​អាជ្ញាធរមីនកម្ពុជា បានប្រគល់​ការងារបោស​សម្អាត​មីន​ក្នុង​ខេត្តត្បូងឃ្មុំជូនកងទ័ពមួកខៀវ ជាអ្នក​ទទួលខុសត្រូវ រីឯខេត្តតាកែវ និងខេត្តកំពត ប្រគល់ជូន​អង្គភាពស៊ីម៉ាក។