កាលពីថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារព្យាករថា ថៃនឹងមានការផ្លាស់ប្ដូរនាយករដ្ឋមន្រ្តីថ្មី ហើយបើតាមស្ថានការណ៍អាចមិនដល់៣ខែផង។ យ៉ាងណាមិញរយៈពេលត្រឹមតែ២ខែ និង៣ថ្ងៃប៉ុណ្ណោះ តុលាការធម្មនុញ្ញថៃ បានប្រកាសដកហូតតំណែងនាយករដ្ឋមន្រ្តី ពីលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra ជាផ្លូវការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ។

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងនាយករដ្ឋមន្ត្រីផ្លូវការ នៅថ្ងៃទី២៩ ខែសីហានេះ ហេីយបេីតាមនីតិវិធីផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថៃថ្មី នឹងសមល្មមគ្រប់បីខែ តាមការវាយតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា សម្តេចសង្ឃឹមថា អ្វីៗនឹងបានល្អប្រសេីរ ថៃនឹងមានថ្នាក់ដឹកនាំមួយពិតប្រាកដ អាចនឹងធ្វេីការដោយស្មោះត្រង់ ជាក់លាក់ជាមួយយេីង ដេីម្បីងាយស្រួលធ្វេីការសម្រេចចិត្ត និងឈានទៅការឯកភាពគ្នាមួយនាំមកវិញនូវប្រក្រតីភាព ដូចមុនថ្ងៃទី២៥ ខែឧសភា។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព ទំនាក់ទំនងពិតប្រាកដ ឈរលេីអធិបតេយ្យភាព គោរពច្បាប់ និងអនុវត្តតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ លេីកកម្ពស់កិច្ចសហប្រតិបត្តិការ និងកាទូតល្អប្រសេីរ សាកសមជាប្រទេសជិតខាងល្អនឹងគ្នា ជាពិសេសរួមចំណែកលេីកកម្ពស់កិត្តិនាមសហគមអាស៊ានដ៏រឹងមាំមួយ៕



