ការជួញដូរ​តាមអន​​ឡាញ​​ក្នុងទី​​ផ្សារ​​កម្ពុជា​ មាន​​និន្នា​​ការ​​​​កើ​ន​ឡើង​យ៉ាង​រហ័ស

សង្គម​និង​សេដ្ឋកិច្ច

ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយ​ទូទាត់​អេឡិចត្រូនិកកាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ១៩,៦​​លាន​​គ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់១៨ លាននាក់ ។ នេះបើយោងតាមថ្នាក់​​ដឹកនាំកំពូលរបស់ធនាគារ​ជាតិ​នៃ​​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីក្នុងពិធី​បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ថ្មីៗនេះ លោក ជា ចាន់តូ ទេ​​សា​​​ភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ​​ប្រព័ន្ធទូទាត់​​​ត្រូវ​​បានធ្វើ​​ទំ​នើ​​ប​​ក​ម្មជាលំដាប់សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព​និង​ឆាប់រហ័ស ។

លោកបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគងនិងខេអេចឃ្យូអរ (KHQR) បានសម្រួល​​ដល់​​​ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកមុខមាត់នៃប្រព័ន្ធទូទាត់​​កម្ពុជា​នៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ ស្របពេលដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើង​ឱ្យកត់​សម្គាល់ដល់ ១៧,៩ លានគណនី »។

លោកលើកឡើងថា ការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួម​​ចំណែក​​លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស ។ កន្លងមក ធនាគារជាតិ​នៃកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ជាមួយប្រទេសឡាវនិង​វៀត​​ណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ។ អត្ថប្រយោជន៍នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបានបង្ហាញ​យ៉ាងជាក់​ច្បាស់​ក្នុងងអំឡុងពេលបិទខ្ទប់ ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានាតាមប្រព័ន្ធអនឡាញ និងវិធាន​ការគាំ​​ពារ​សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតនិង​ប្រជា​​ពលរដ្ឋក្រី​​ក្រនិង​ងាយ​រង​គ្រោះ បានភ្លាមៗនិងមានតម្លាភាព ៕

អត្ថបទ៖ សារេត