កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកសៀមរាប ឬពីសេប៊ូមករាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកកាន់ខេត្តសៀមរាប ឬពីទីក្រុងសេប៊ូមកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកសៀមរាបជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៊ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពីន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះ លោក ថោង ខុន បានស្នើរដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន ពិចារណាលើការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញផងដែរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកកាន់ខេត្តសៀមរាប ឬពីទីក្រងសេប៊ូមកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកសៀមរាបជាដើម ខណៈបច្ចុប្បន្នប្រទេសទាំងពីរមានជើងហោះហើរត្រង់រវាងភ្នំពេញ-ម៉ានីលរួចហើយ កាលពីឆ្នាំ២០១៩។

ភាគីទាំងពីរ ក៏បានលើកឡើងពីអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងកម្ពុជា និងហ្វីលីពីន ដែលបានធ្វើឡើងកាលពីឆ្នាំ២០០០ និងការរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីន ចំនួន៣លើក ព្រមទាំងអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីន លើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកវិស័យទេសចរណ៍ទ្វេរភាគី និងពិភាក្សាគ្នាថា តើត្រូវបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់ ឬក៏រៀបចំឱ្យមានអនុស្សរណៈថ្មីឡើងវិញ៕